ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី បានឡើងដល់កម្រិតខ្ពស់ និងថ្មីៗបន្ថែមទៀត ក្នុងនោះមានកិច្ចសហប្រតិបត្តិការលើអាជីវកម្មរ៉ែមាស ដែលមកទល់ពេលនេះ ការចម្រាញ់រ៉ែមាសបានជិតមួយតោនហើយ នឹងមានការកើនឡើងជាបន្តបន្ទាប់ថែមទៀត។ សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍បែបនេះ ខណះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្តីការនៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ក្រោយក្លាយជាប្រធានក្រុមប្រឹក្សារដ្ឋនៅ ឆ្នាំ១៩៨៥ ទើបសម្តេចស្នើបង្កើត អគ្គនាយកដ្ឋានសំណង់។ តែអគ្គនាយកដ្ឋាននោះ គិតគូរតែការរៀបចំសំណង់ អត់ បានគិតគូររៀបចំដែនដីនោះឡើយ។ រហូតដល់ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ផ្នែកសំណង់ត្រូវបានបញ្ចូលក្រោម ក្រសួងសាធារណការ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលចង់ហៅកិច្ចព្រមព្រៀងប៉ារីស មកវិញ គឺជាអ្នកចង់ហៅបរទេសមក គ្រប់គ្រងខ្មែរវិញ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ៊ុនតាក់ បានចប់ ភារកិច្ចហើយ រដ្ឋធម្មនុញ្ញខ្មែរពេលនេះគឺ ព្រះមហាក្សត្រធំជាងគេ ហេតុអ្វីចង់ហៅ បរទេសមកគ្រប់គ្រងខ្មែរវិញ។
សម្តេចតេជោ ហ៊ុន សែន ក៏មានប្រសាសន៍លើកឡើងផ្តាំទៅអ្នកវិភាគ និយាយអ្វីនិយាយទៅ តែកុំព្រហើន បើ ខុសច្បាប់ គឺច្បាប់មានវិធានការហើយ !
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចហ៊ានវៃខ្នោះអ្នកនយោបាយ រឿងអ្វីមិនហ៊ានវៃខ្នោះ អ្នកចោទប្រកាន់រដ្ឋសភាថាខុសច្បាប់ !
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ព្រឹត្តិការវាយប្រហារសម្ដេចនៅសៀមរាប កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ គឺ មានការណែនាំសម្តេចមិនឱ្យទៅ ព្រោះបា នប្រមើមើលឃើញពីគម្រោងវាយប្រហារ សម្ដេច។ ទីបំផុតពិតជាមានការ វាយប្រហារប្រាកដមែន តែមិនអាច សម្លាប់សម្តេច។
សូមបញ្ជាក់ថា, អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានទីតាំងស្ថិតនៅ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាប៉ែកខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ ត្រូវបានប្រារព្ធពិធីបើការដ្ឋានសាងសង់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ។ អគារនៃក្រសួងនេះសាងសង់នៅលើផ្ទៃដីទំហំ ៤.៥ហិកតា មានទំហំតួអគារបណ្ដោយប្រវែង ១៣២.៧ ម៉ែត្រ និងទទឹងប្រវែង ៩៤.៧ម៉ែត្រ មានចំនួន ៨ជាន់ កម្ពស់សរុបពីទ្រនាប់ខ្សាច់ ដល់ចុងកំពូលបុស្បុក ៨៨.៥ម៉ែត្រ ក្នុងនោះមានកម្ពស់បុស្បុក ៣៣.២៨ម៉ែត្រ មានចំណតរថយន្តប្រមាណ ៤៥០គ្រឿង និងចំណតទោចក្រយានយន្តជាច្រើនគ្រឿងទៀត៕
ដោយ៖ សុខ ខេមរា