ខេត្តបាត់ដំបង ៖ យោងតាមសេចក្តីរាយការណ៍ព័ត៌មានរបស់អាជ្ញាធរស្រុកឯកភ្នំបានព្រមាន ឲ្យដឹងថាកាលពីថ្ងៃទី០៧ វិច្ឆិកា ដល់ប្រជានេសាទនានាដែលប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ត្រូវតែចុះរុះរើចេញដោយខ្លួនឯង។
សេចក្តីរាយការណ៍ខាងលើបញ្ជាក់ថាចាប់ពីដែននេសាទហាមឃាត់នានា ក្នុងរយៈចំនួន០៣ថ្ងៃ បើមិនដូច្នេះទេ អាជ្ញាធរនឹងដឹកនាំកម្លាំងចុះបង្ក្រាប និងរឹបអូសឧបករណ៍នេសាទខុសច្បាប់ទាំងនោះដុតកំទេចចោលតែម្ដង ។
លោក ម៉ិល សុផល អភិបាលស្រុក ដែលបានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបផ្ទាល់បានថ្លែងប្រាប់ថាកាលពីព្រឹកថ្ងៃទី០៨ វិច្ឆិកា នេះថា មានបទល្មើសនេសាទខុសច្បាប់ជាច្រើន បាននិងកំពុងកើតមានពាសពេញក្នុងតំបន់ទន្លេសាប ជាពិសេស នៅតំបន់«ឡូត៍លេខ២» ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំកោះជីវាំង ស្រុកឯកភ្នំ ។
លោកបានបន្តថា លោកបានដឹកនាំកម្លាំង«គណៈបញ្ជាការកងឯកភាពស្រុកឯកភ្នំ» ចុះទៅកាន់តំបន់នោះ កាលពីថ្ងៃទី ០៧ វិច្ឆិកា ដោយបានពិនិត្យឃើញមានបទល្មើសនេសាទជាច្រើនបាននិងកំពុងកើតឡើង។
លោក អភិបាលស្រុក ម៉ិល សុផល បានបញ្ជាក់ថា នៅថ្ងៃដំបូងនៃកិច្ចប្រតិបត្តិការនេះ កម្លាំងរបស់លោកបានរឹបអូសបទល្មើសនេសាទដែលប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់(បណរ៉ាវ) ចំនួន១៤កន្លែង និងមានជាច្រើនកន្លែងទៀត ដែលកម្លាំងរបស់ស្រុក កំពុងធ្វើការស្រាវជ្រាវរកម្ចាស់។
លោកបានបន្ថែមថា រាល់ទីតាំងដែលមានបទល្មើស គឺយើងបានស្គាល់អត្តសញ្ញាណម្ចាស់អស់ហើយ តែយើងបានហៅម្ចាស់បទល្មើសទាំងនោះ មកសួរនាំធ្វើកំណត់ហេតុ រួចឲ្យពួកគាត់ផ្តិតមេដៃ ដើម្បីរុះរើចេញដោយខ្លួនឯង ក្នុងរយៈពេល០៣ថ្ងៃ តែបើពួកគាត់មិនព្រមអនុវត្តទេ កម្លាំងសមត្ថកិច្ចនឹងចុះបង្ក្រាបដកហូតដុតកំទេចចោលតែម្ដង ។
សូមបញ្ជាក់ផងដែរថា កិច្ចប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទនាពេលនេះ គេតែងឃើញអាជ្ញាធរ និងសមត្ថកិច្ច នៅតាមបណ្ដាស្រុកមួយចំនួនដែលមានភូមិសាស្ត្រ ជាប់បឹងទន្លេសាប បានដឹកនាំកម្លាំងចុះបង្ក្រាប និង រឹបអូសយកឧបករណ៍នេសាទខុសច្បាប់យកទៅកំទេចចោលជាបន្តបន្ទាប់ ក្នុងរយៈប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ ប៉ុន្តែជនទុច្ចរិតដែលប្រព្រឹត្តបទល្មើសនេសាទហាក់មិនបានថមថយឡើយ ដោយសារតែការបង្ក្រាបជាបន្តបន្ទាប់កន្លងទៅនេះ សមត្ថកិច្ចបំផ្លាញចោរតែវត្ថុតាង តែមិនបានឃាត់ខ្លួនជនប្រព្រឹត្ត ដែលជាហេតុធ្វើឲ្យជនទាំងនោះ នៅតែអាចមានលទ្ធភាពប្រើប្រាសឧបករណ៍នេសាទខុសច្បាប់ បង្កើតបទល្មើសទ្វេដងពាសពេញតំបន់ទន្លេសាប ដោយមានឃុបឃិតពីសមត្ថកិច្ចឬមន្ត្រីខិលខូចមួយចំនួននៅតំបន់នោះទៀតផង។
ដោយឡែក ចំពោះការព្រមានរបស់អាជ្ញាធរស្រុកឯកភ្នំវិញ បើតាមលោក ម៉ិល សុផល អភិបាលស្រុកនេះ បានថ្លែងថា កម្លាំងចម្រុះរបស់លោកបានកំណត់មុខសញ្ញាប្រព្រឹត្តបទល្មើស បានមួយចំនួនធំហើយ ថែមទាំងបានឲ្យម្ចាស់បទល្មើសទាំងនោះផ្តិតមេដៃទទួលស្គាល់កំហុស និង ត្រូវរុះរើចេញនូវឧបករណ៍នេសាទខុសច្បាប់របស់ខ្លួនចេញដោយខ្លួនឯង។
លោកបានបញ្ជាក់ថា ឱសានុវាទ របស់លោកទុកពេលរយៈ០៣ថ្ងៃ គឺ ត្រូវចុះរុះរើបទល្មើសនេសាទគ្រប់ប្រភេទ ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១០ វិច្ឆិកា តែបើម្ចាស់មិនព្រមអនុវត្តទេ ចាប់ពីថ្ងៃទី ១១ វិច្ឆិកា តទៅលោកនឹងដឹកនាំកម្លាំងគណៈបញ្ជាការកងឯកភាពស្រុកឯកភ្នំ ចុះបង្ក្រាប រុះរើបំផ្លាញចោលតែម្ដង។
ពាក់ព័ន្ធការអនុវត្តច្បាប់តាមផ្លូវតុលាការវិញ លោកអភិបាលស្រុករូបនេះ បានបញ្ជាក់ច្បាស់ថា កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទដែលកំពុងកើតមានពាសពេញផ្ទៃបឹងទន្លេសាបខាងលើនេះ ប្រសិនបើម្ចាស់បទល្មើសមិនព្រមរុះរើដោយខ្លួនឯងទេ យើងគ្រាន់តែដកហូតនិងបំផ្លាញចោលឧបករណ៍ខុសច្បាប់ទាំងនោះ តែយើងមិនអាចចងក្រងសំណុំរឿងបញ្ជូនឈ្មោះពួកគាត់ទៅកាន់តុលាការទេ។ ព្រោះបើយើងអនុវត្តតាមផ្លូវតុលាការ គឺមានពលរដ្ឋស្ទើរ៨០% រស់នៅលើផ្ទៃទឹកទន្លេសាប ដែលមានមុខរបរនេសាទនេះ។ ដូច្នេះ យើងគ្រាន់តែបង្ក្រាបហើយរឹបអូសវត្ថុតាងបំផ្លាញចោលប៉ុណ្ណោះ។ លោក ម៉ិល សុផល បានបញ្ជាក់ចុងក្រោយយ៉ាងដូច្នេះថា « នៅថ្ងៃចាប់ផ្ដើមចុះអនុវត្ត ក្រោយបញ្ចប់ថ្ងៃឪឱសានុវាទ ខ្ញុំនឹងចុះដឹកនាំកម្លាំងចម្រុះផ្ទាល់ ដើម្បីបង្រា្កបបទល្មើសនេះ។
យើងមិនអាចអនុញាតឲ្យកម្លាំងក្នុងស្ថាប័នណាមួយចុះបង្ក្រាបបទល្មើសនេះដោយឯកឯងនោះទេ ។ ព្រោះកន្លងមក ការចុះបង្ក្រាបដាច់ដោយឡែកបែបនេះ គ្មានតម្លាភាពទេ។ ដូច្នេះ ខ្ញុំនឹងដឹកនាំផ្ទាល់តែម្ដង»។ ប៉ុន្តែយ៉ាងណាក្ដី បើតាមលោក ម៉ិល សុផល បានមានប្រសាសន៍ថា ពេលនេះ កម្លាំងចម្រុះកំពុងស្ថិតនៅតំបន់ទន្លេសាប ដើម្បីតាមស្រាវជ្រាវបទល្មើសនោះឡើយ និង កំពុងអប់រំណែនាំដល់ប្រជាពលរដ្ឋ ឲ្យអនុវត្តតាមការអំពាវនាវរបស់អាជ្ញាធរ និង អនុវត្តតាមកិច្ចសន្យា ដែលពួកគាត់បានផ្តិតមេដៃយល់ព្រមរុះរើឧបករណ៍នេសាទខុសច្បាប់របស់ខ្លួនដោយខ្លួនឯង៕
ដោយ៖ អារុណរះ