ភ្នំពេញ៖ កាន់តែពុះកញ្ជ្រាលហើយសម្រាប់ថ្ងៃនេះ គឺក្រោយពីករណីនៃជម្លោះឆ្លងឆ្លើយជាពាក្យសម្តីរវាងតារាសម្តែង និងកំប្លែង លោក អៀង ចេនឡា នឹងប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណាកាន់តែកក្រើក។ ករណីនេះបានឡើងកម្តៅកាន់តែខ្លាំងឡើងក្រោយពីគេបានឃើញម្តាយបង្កើតរបស់អ្នកនាងចន ច័ន្ទលក្ខិណា បានចេញមុខមកបកស្រាយជំនួសកូនស្រី និងមិនធ្វើឱ្យករណីនេះស្ងប់ស្ងាត់ទៅវិញឡើយ។
មុននេះមានការចាប់អារម្មណ៍ច្រើនពីមហាជន ពិសេសក្នុងចង្កោមអ្នកសិល្បៈ ហើយវាបានក្លាយជាវេទិកាបញ្ចេញយោបល់ព្រោងព្រាត រួមទាំងសំណើឲ្យមានការសម្របសម្រួលជាបន្ទាន់។ ដើមចមនៃបញ្ហាចម្រូងចម្រាសនេះបានកើតមានឡើងក្រោយពីលោកអៀង ចេនឡា បានបង្ហោះសារតូចចិត្តអំពីការធ្លាក់ខ្លួនមានជំងឺប្រចាំកាយផ្អើលអស់មហាជន ប៉ុន្តែគ្មានសមាគមណារវីរវល់សោះ ។ ស្របគ្នានេះដែរ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានទាំងព្រលយពាក្យពេចន៍មួយចំនួននៅលើបណ្តាញសង្គមហ្វេសប៊ុកទាក់ទិននឹងមនុស្សមួយចំនួនដែលចូលចិត្តនិយាយពាក្យមិនល្អអំពីនាងនៅពីក្រោយខ្នង។ កាន់តែឡើងកម្តៅក្រោយពីតារាសម្តែង និងកំប្លែង លោក អៀង ចេនឡា ដែលមានជំងឺទឹកចូលសួតធ្លាក់ខ្លួនស្រកសាច់សន្ធឹក បានបង្ហោះសារថ្មីអមដោយរូបថតនៃការកាន់កាតសមាជិកសមាគមសិល្បករខ្មែរ និងប្រកាសលែងប្រើប្រាស់កាតនោះបន្តទៀត។ ទោះជាយ៉ាងណាសារចុងក្រោយដែលត្រូវបានបង្ហោះដោយតារាសម្តែងរូបនេះបានបង្ហាញអំពីការសុខចិត្តលុបសារមួយចំនួនដែលត្រូវបានលោកបង្ហោះកាលពីពេលកន្លងទៅក្រោមការសម្របសម្រួលពីតារាកំប្លែងនាយកុយ និងអ្នកដឹកនាំសម្តែងលោក កៅ សីហា ។ ស្រាប់តែយប់មិញនេះកំសួលនៃអារម្មណ៍មិនសុខចិត្តបានកើតមានឡើងជាថ្មីក្រោយពីគេបានឃើញគណនីហ្វេសប៊ុកមួយឈ្មោះCH Moly ដែលគេស្គាល់ថាជាគណនីហ្វេសប៊ុកម្តាយបង្កើតរបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានចូលទៅបញ្ចេញយោបល់យ៉ាងវែងជុំវិញបញ្ហានេះ ដោយលោកស្រីបានទាំងលើកឡើងថា សមាគមសិល្បៈដែលមិនបានទៅសួរសុខទុក្ខដោយសារតែគ្មានអ្នករាយការណ៍បញ្ជាក់ពីស្ថានភាពជំងឺរបស់លោក អៀង ចេនឡា និងចាត់ទុកថាលោកជាមនុស្សឫកធំ ឬច្រណែន មិនចេះសម្របខ្លួនតាមសង្គម និងមានមោទកភាពចំពោះខ្លួនឯង។
មិនទុកយូរឡើយ លោក អៀង ចេនឡា បានតបដោយសារចាក់ដោតត្រឡប់ទៅវិញថា «ចាស់ទុំបានសម្រួលឱ្យបញ្ចប់ត្រឹមនឹងហើយ ម៉ាក់អ៊ំចង់មកបន្ថែមភ្លើងទៀតមែន ឬចង់ឱ្យមានរឿងបន្តទៀត ធម្មតាកូនស្រីរបស់ម៉ាក់អ៊ំ អ៊ំតែងតែកាន់ជើងលើកស្ទួយចឹងហើយ ទោះជាធ្មប់ ក៏ថាជាទេពអប្សរដែរ។ សុំសួរម៉ាក់អ៊ំ តារាល្បីៗដែលកូនម៉ាក់អ៊ំទ្រាក់ៗទៅសួរសុខទុក្ខកន្លងមកនឹង គេមានផ្ដល់ដំណឹងឱ្យខាងសមាគមអត់ ខ្ញុំឈឺ ខ្ញុំផុស រហូតដល់គេចុះផ្សាយព័ត៌មានពេញនឹង តែកូនអ៊ំគ្មានពេលមើលទេ បើពេលដើរផឹកសុី ចូលខាំមិនរូបបក្សពួកទើបមាន ចឹងមែន ចរិតជាប្រធានដឹកនាំគេ”។
សារនេះត្រូវបានអ្នកលេងបណ្តាញសង្គមមានការចែករំលែកជាថ្មី និងចូលទៅបញ្ចេញយបល់យ៉ាងព្រោងព្រាត ក្នុងនោះក៏មានទាំងវត្តមានសិល្បករសិល្បការិនី ដែលធ្លាប់បានស្គាល់អ្នកទាំងពីរបានស្នើឱ្យបញ្ចប់ការបញ្ចេញសាររៀបប្រហារ និងរិះគន់គ្នាបន្តទៀតដើម្បីមុខមាត់សិល្បករដូចគ្នា និងមិនចង់ឲ្យមហាជនយល់ថាអ្នកសិល្បៈឈ្លោះតែគ្នានោះ៕
ដោយ ៖ វឌ្ឍនា