ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ មើលឃើញទេ ! ទីតាំងកត់ឆ្នោតវៀតណាម(P9) ដ៏ធំមួយកន្លែងកំពុងដំណើរការយ៉ាងរលូននៅផ្លូវជ្រោះបាត់ស្នេហ៍ជាប់ផ្សារសាំហាន់

ចែករំលែក៖

ភ្នំពេញ ៖ សូមជម្រាបជូនថា មានទីតាំងល្បែងស៊ីសងខុសច្បាប់កត់ឆ្នោតវៀតណាម(P9) ដ៏ធំមួយកន្លែងកំពុងសប្បាយកើបលុយយ៉ាងគគ្រឹកគគ្រេង និងបើកលេងយ៉ាងរលូនជាយូរមកហើយនៅតាមបណ្ដោយផ្លូវទៅជ្រោះបាត់ស្នេហ៍ជាប់ផ្សារសាំហាន់ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​ មិនទាន់ឃើញមានអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធរូបណាចុះបង្ក្រាបឡេីយ​ ។ សង្ស័យថា, (កន្ទេលធំបន្លំដេក).ទេដឹង ឬដោយសារ(លុយ)? 

 តាមរយៈការបើកកត់ឆ្នោតវៀតណាម យ៉ាងគគ្រឹកគគ្រេងនេះ ប្រជាពលរដ្ឋ ក៏សូមសំណូមពរដល់ លោកឯក ឃុនឌឿន អភិបាលនៃគណ:អភិបាលខណ្ឌឬស្សីកែវ និងជាគណៈបញ្ជាការឯកភាពខណ្ឌ មានចំណាត់ការចុះបង្ក្រាបនូវល្បែងស៊ីសងខុសច្បាប់ខាងលើមួយនេះផង ខណៈដែលម្ចាស់ទីតាំង កំពុងបើកលេងគគ្រឹកគគ្រេងយ៉ាងរលូនដោយមិនខ្លាចញញើតអ្វីបន្តិចសោះឡេីយ។ ពិសេសបនល្បែងនេះជាប្រភពបង្កើតអោយមានបទល្មើសក្នុងមូលដ្ឋាន ហើយបំពានទៅនឹងគោលនយោបាយរាជរដ្ឋាភិបាលភូមិ-សង្កាត់មានសុវត្ថិភាពទៀតផង។ 

ប្រជាពលរដ្ឋបានលួចបង្ហើបឲ្យដឹងថាម្ចាស់ទីតាំងល្បែងស៊ីសងឆ្នោតវៀតណាមខាងលើបានយកឈ្មោះ ជា(ឧកញ៉ា) និងឈ្មោះអាជ្ញាធរខណ្ឌឫស្សីកែវនៅពីក្រោយល្បែងស៊ីសងខុសច្បាប់ខាងលើ ដែលជាហេតុធ្វើឲ្យអាជ្ញាធរមូលដ្ឋានមិនហ៊ានចុះបង្ក្រាប។

ប្រជាពលរដ្ឋសង្ឃឹមថាអាជ្ញាធរខ័ណ្ឌឬស្សីកែវនិងមានចំណាត់ការចុះបង្ក្រាបនូវល្បែងស៊ីសងឆ្នោតវៀតណាមដុះស្លែខាងលើមួយនេះ ខណៈកន្លងមកលោកអភិបាលខណ្ឌទើបប្តូរមកកាន់តំណែងថ្មីបានចុះបង្ក្រាបទីតាំងជាច្រើនកន្លែងរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន។

ពាក់ព័ន្ធបនល្បែងនេះ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ បានប្រាប់អង្គភាព”នគរដ្រេហ្គន” តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ថា, សូមមេត្តាជួយផ្តល់កន្លែងទីតាំង អោយបានច្បាស់លាស់តាមប្រព័ន្ធ Telegram មកអោយខ្ញុំមក ខ្ញុំនឹងចាត់វិធានការ អោយមន្ត្រីចុះបង្ក្រាប សូមអរគុណ (រួចក៏បិទទូរស័ព្ទតែម្តង)៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖