ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងរថយន្តបន្ទាប់ពីមានករណីឆេះរួចមក។
ចំពោះរឿងរ៉ាវខាងលើនេះគេនៅមិនទាន់ដឹងថាមកពីមូលហេតុអ្វីអោយពិតប្រាកដឡើយ ខ្លះគេសង្ស័យជារឿងឃាតកម្ម។
បើតាមសេចក្តីរាយការណ៍ពត៌មានបានឱ្យដឹងថា រថយន្តដែលបុរសរូបនេះស្លាប់ក្នុងនោះម៉ាកវីស្តូមួយគ្រឿង ហើយត្រូវបានអគ្គិភ័យឆាបឆេះអស់គ្មានសល់នៅក្បែរចិញ្ចើមផ្លូវ ទើបបណ្តាលឱ្យស្លាប់មនុស្សម្នាក់ក្នុងរថយន្ត ដែលគេមានការសង្ស័យថា ជាករណីឃាតកម្មសម្លាប់ ហើយដុតចោលតែម្តង។
ហេតុការណ៍ខាងលើនេះបាន បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន កាលពីវេលាម៉ោងប្រមាណ៦ព្រឹក ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមមហាវិថីឈ្នះ ឈ្នះ មុខរណ្តៅដី លោកឧកញ៉ាញឹក ផន ហៅតាកៅ ស្ថិតក្នុងភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ។
រថយន្តដែលត្រូវអគ្គិភ័យឆាបឆេះខាងលើនោះ ត្រូវសមត្ថកិច្ចអោយដឹងថា ជាម៉ាកវីស្តូ តែមិនដឹងថាមានពណ៌អ្វីនោះទេ ពាក់ស្លាកលេខ ភ្នំពេញ ២AC.៩៧៣៦ ។ ចំណែកសាកសពជនរងគ្រោះត្រូវអណ្តាតភ្លើងឆាបឆេះខ្លោចទៅហើយ ដូច្នេះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ប៉ុន្តែសមត្ថកិច្ច បានអះអាងថា មនុស្សប្រុស ព្រោះមានពាក់ខ្សែ.កចិន។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា អគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង៣ទៀបភ្លឺ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយអណ្តាតភ្លើងបានឆាបឆេះអស់ទៅហើយ នៅផ្សែងហុយ ក្រោយមករថយន្តពន្លត់អគ្គិភ័យបានចុះទៅអន្តរាគមន៍បាញ់ទឹកពន្លត់ ។ លុះនៅវេលាម៉ោងប្រមាណ៦ព្រឹក ទើបមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះទៅសួរនាំ ខណៈពេលរថយន្តដែលត្រូវអណ្តាតភ្លើងឆាបឆេះអស់ទៅហើយនោះ បានប្រទះឃើញសពបុរសម្នាក់ត្រូវភ្លើងឆេះស្លាប់នៅក្នុងរថយន្តនោះផងដែរ។
ប្រភពដដែលបន្តថា នៅជុំវិញកន្លែងកើតហេតុ សមត្ថកិច្ចរកពុំឃើញមានការប៉ះទង្គិចដែលអាចបង្កមកពីគ្រោះថ្នាក់ចរាចរណ៍បុកគ្នា បណ្តាលឱ្យឆាបឆេះនោះទេ ។ ប៉ុន្តែរថយន្តនោះបានឆាបឆេះ ខណៈពេលដែលបើកធ្លាក់ផ្លូវ ដោយចេញពីចិញ្ចើមមហាវិថីឈ្នះឈ្នះ ប្រមាណ៣ម៉ែត្រ ។
ប្រភពព័ត៌មានខាងបានឱ្យដឹងទៀតថាក្រោយហេតុការណ៍ តាមការត្រួតពិនិត្យសាកសពបុរសរងគ្រោះម្នាក់នោះ ជាអ្នកបើកបរនៅខាងឆ្វេង ហើយបានឆេះស្លាប់ផ្តេចទៅលើកៅអីខាងស្តាំដោយទ្វារខាងស្តាំបើកចំហរទំនងជាមានមនុស្សម្នាក់ទៀតបើកចេញ។
តាមការត្រួតពិនិត្យខាងលើនេះ សមត្ថកិច្ចមានការសង្ស័យថា ជាករណីឃាតកម្មសម្លាប់ ហើយដុតចោលទាំងមនុស្ស និងទាំងរថយន្តតែម្តង ។
បើសិនជារថយន្តនោះ គ្រោះថ្នាក់ដោយឧបទ្ទហេតុ ជនរងគ្រោះអាចបើកទ្វារចេញរត់យករួចខ្លួនបាន។ ប៉ុន្តែទោះបីជាយ៉ាងណា សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះ និងបញ្ជាក់អោយកាន់តែច្បាស់អំពីមូលហេតុនៃអគ្គិភ័យខាងលើនេះ។
ប្រជាពលរដ្ឋបានឲ្យដឹងថាបើសិនរឿងនេះជាករណីឃាតកម្មសម្លាប់មនុស្សមែនមិនយូរប៉ុន្មានទេសមត្ថកិច្ចនិងស្រាវជ្រាវវែកមុខជនសង្ស័យយកមកឲ្យច្បាប់កាត់ទោសច្បាស់ជាមិនខាន៕
ដោយ៖ អរុណរះ