ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនគ្រូបង្រៀនបើកបររថយន្តម្នាក់ក្រោយពីលួចកៅអីឈើផ្ទះសំណាក់ភ្នំមាស

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យជាគ្រូបង្រៀនបើកបររថយន្តម្នាក់​ ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅធ្វើការឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យខាងលើនេះ បន្លំជាភ្ញៀវចូលដេកផ្ទះសំណាក់ភ្នំ លួចយកកៅអីឈើក្នុងផ្ទះសំណាក់៣លើក ចុងក្រោយទើបបែកការណ៍។ ករណីនេះបានកើតឡើងនៅថ្ងៃទី០៨​ខែវិច្ឆិកាឆ្នាំ២០២១វេលាម៉ោង០៤និង០០នាទី ទាបភ្លឺ​ នៅចំណុចផ្ទះសំណាក់ភ្នំមាសភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ផន ប្រុសតូច ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរមេកាផ្ទះសំណាក់ភ្នំមាស។ ចំណែកជនសង្ស័យឈ្មោះ ឃន វណ្ណៈ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងរំដួល ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ មុខរបរគ្រូបង្រៀនបើកបររថយន្ត៨មីនា។ដោយឡែកវត្ថុតាងចាប់យក៖ ១-រថយន្តមួយគ្រឿងម៉ាក camry បាឡែន ពណ៌ស បិទស្លាក៨មីនាបើកបរ ស្លាកលេខ ភ្នំពេញ ២AO.៥៧៨៣(របស់ជនសង្ស័យ),​២-ទូរស័ព្ទ១គ្រឿង ម៉ាកoppo F9 ពណ៌ខៀវ(របស់ជនសង្ស័យ),​៣-កៅអីឈើចំនួន៦(របស់ជនរងគ្រោះ)។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជនសង្ស័យខាងលើ បានបន្លំជាភ្ញៀវចូលដេកផ្ទះសំណាក់ភ្នំមាស ។ លុះមកដល់ពេលវេលាកើតហេតុខាងលើ ជនសង្ស័យបានគិតលុយចេញពីផ្ទះសំណាក់ ដោយបានលួចកៅអីឈើចំនួន២លើកដាក់ក្នុងរថយន្តរបស់ខ្លួន
តែដោយមានការសង្ស័យខាងបុគ្គលិកផ្ទះសំណាក់ បានឃាត់សួរនាំហើយឃើញកៅអីឈើរបស់ផ្ទះសំណាក់ចំនួន២នៅក្នុងគូទរថយន្ត ហើយក៏បានប្តឹងសមត្ថកិច្ចឱ្យចុះឃាត់ខ្លួនដេីម្បីយកមកសាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះឃន វណ្ណៈបានឆ្លេីយសារភាពថាខ្លួនបានលួចយកកៅអីរបស់ជនរងគ្រោះចំនួនបីដងទាំងលេីកហ្នឹងបានកៅអីឈេីចំនួន៦កៅអីដោយលួចតែម្នាក់ឯងទេ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការតាម​នីតិវិធី៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖