ខេត្តស្វាយរៀង៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យញៀនថ្នាំម្នាក់បន្ទាប់ពីដុតផ្ទះម្ដាយរបស់ខ្លួនបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើររាយការណ៍មកសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេលមិនឱ្យឆ្លងរាលដាលដល់ផ្ទះអ្នកជិតខាង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃ០៩ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចក្នុងភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ សំ សៀវនួន អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានម្ដាយឈ្មោះ សាន សុជាតា ភេទស្រី អាយុ ៤៥ឆ្នាំមុខរបរលក់ដូរ រស់នៅភូមិកើតហេតុខាងលើ។
ប្រភពបន្តថាករណីខាងលើនេះសមត្ថកិច្ចប្រើប្រាស់រថយន្ត ពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងស្វាយរៀងអស់ចំនួន១រថយន្ត ដោយសំភារៈខូចខាតរួមមានគ្រែ ពូកនិងរបស់របរមួយចំនួន។
ប្រភពបន្តថានេះពិតជាសំណាងហើយដោយមិនមានមនុស្សរងគ្រោះថ្នាក់ហើយមិនឆ្លងរាលដាលដល់ផ្ទះអ្នកជិតខាងខណៈសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងនិងនគរបាលមកអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា។
បច្ចុប្បន្ន ជនសង្ស័យដែលញៀនថ្នាំត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីចាត់ការបន្តតាមច្បាប់ ៕
ដោយ៖យឹម សុថាន