ភ្នំពេញ៖ នៅរសៀលថ្ងៃទី៩ ខែវិច្ឆកា ឆ្នាំ២០២១ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញ លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ លោកស្រី ម៉ារីស ផេន រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារីអូស្ដ្រាលី នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២១, ដោយបញ្ជាក់ថា, តបតាមការអញ្ជើញរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា លោកស្រី ម៉ារីស ផេន (Marise Payne) រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារីអូស្ត្រាលី បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការទ្វេភាគីដ៏ល្អដែលមានស្រាប់រវាងកម្ពុជា និងអូស្ត្រាលី។
នៅថ្ងៃទី០៨ ខែវិច្ឆិកា លោកស្រី ម៉ារីស ផេន បានអញ្ជើញចូលជួបសម្តែងការគួរសម ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល នៅក្នុងឱកាសនោះ លោកស្រីបានកោតសរសើរអំពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ចាប់ តាំងពីការធ្វើដំណើររបស់លោកជំទាវមកកម្ពុជាកាលពីជិត ២០ឆ្នាំមុន និងបានវាយតម្លៃខ្ពស់ចំពោះ ការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពរបស់កម្ពុជា តាមរយៈកម្មវិធីជំរុញការ ចាក់វ៉ាក់សាំង ដើម្បីធានាបាននូវការបើកឡើងវិញជាបណ្ដើរៗនូវសកម្មភាពសង្គមសេដ្ឋកិច្ច ខណៈ ពេលតស៊ូជម្នះជំងឺកូវីដ-១៩។
សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកស្រី ម៉ារីស ផេន ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការ ទ្វេភាគី និងពហុភាគី ដែលកំពុងមានការរីកចម្រើនជាលំដាប់ រវាងប្រទេសកម្ពុជា និងអូស្ត្រាលី លើ វិស័យផ្សេងៗ រួមមាន កសិកម្ម ការពារជាតិ អប់រំ និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សម្តេច តេជោនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញជាមួយការកោតសរសើរចំពោះជំនួយរបស់អូស្ត្រាលីដល់ កម្ពុជា នៅក្នុងវិស័យជាច្រើន រួមទាំងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណផងដែរចំពោះការប្ដេជ្ញារបស់អូស្ត្រាលីក្នុងការផ្តល់វ៉ាក់សាំងហ្វាយស៊ឺ (Pfizer) ចំនួន ២,៣៥ លានដូស ដល់កម្ពុជា ហើយដែលវ៉ាក់សាំងចំនួន ១លានដូស នឹងមកដល់កម្ពុជានៅ ដំណាច់ឆ្នាំ២០២១។
លោកស្រី ម៉ារីស ផេន បានសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់របស់អូស្ត្រាលី ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានគាំទ្រដល់អូស្ត្រាលី ក្នុងការបង្កើតភាពជាដៃគូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយជាមួយអាស៊ាន និងបានបញ្ជាក់ឡើងវិញនូវការគាំទ្រពេញលេញ របស់ អូស្ត្រាលីចំពោះកម្ពុជា ដើម្បីធានាបាននូវការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជា ប្រកបដោយជោគជ័យ។
លោកស្រី ម៉ារីស ផេន ក៏បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ផងដែរ ចំពោះការ បង្កើតភាពជាដៃគូសន្តិសុខត្រីភាគី “AUKUS” និងបានអះអាងថា ការដែលអូស្ត្រាលីចូលរួមនៅក្នុង AUKUS នេះ គឺដើម្បីទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដើម្បីអភិវឌ្ឍសមត្ថភាព កងទ័ពជើងទឹកអូស្ត្រាលី ដោយគ្មានបំណងបង្កើតថាមពលនុយក្លេអ៊ែរស៊ីវិលនោះទេ ស្របពេល ជាមួយគ្នានេះ អូស្ត្រាលីនៅតែបន្តប្តេជ្ញាចិត្តចំពោះការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរក្នុងតំបន់។
នៅថ្ងៃដដែល លោកស្រី ម៉ារីស ផេន បានជួបប្រជុំទ្វេភាគីជាមួយ លោកឧបនាយករដ្ឋ មន្ត្រី ប្រាក់ សុខុន ដែលនៅក្នុងឱកាសនោះ រដ្ឋមន្ត្រីការបរទេសទាំងពីរបានសម្តែងនូវការពេញចិត្ត ចំពោះទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ និង បានឯកភាពជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ និងការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលបានគាំទ្រ ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ ជាពិសេស ការផ្តល់ ជំនួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកម្ពុជាកំពុងតែត្រូវការជាចាំបាច់។
លោកឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនអូស្ត្រាលីកាន់តែច្រើនថែមទៀត មកវិនិយោគនៅកម្ពុជា ខណៈពេលកម្ពុជាទើបអនុម័តច្បាប់វិនិយោគថ្មី ដែលនឹងផ្តល់នូវបរិយាកាស វិនិយោគដ៏ប្រសើរ។ ជាការឆ្លើយតប លោកស្រី ម៉ារីស ផេន បានគូសបញ្ជាក់ថា ខណៈដែលកម្ពុជា និងអូស្ត្រាលី កំពុងងើបចេញពីជំងឺរាតត្បាតដូចគ្នា មានកាលានុវត្តភាពជាច្រើនសម្រាប់ប្រទេស ទាំងពីរធ្វើការជាមួយគ្នា ក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគ ឱ្យមានភាពរីកចម្រើន។
លោកស្រី ម៉ារីស ផេន ក៏បានបញ្ជាក់ឡើងវិញផងដែរ នូវការប្ដេជ្ញាចិត្តរបស់អូស្ត្រាលីក្នុងការ បន្តជួយ និងធ្វើសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យនានាដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច ការ បោសសម្អាតមីន កសិកម្ម សុខាភិបាល និងអប់រំ ជាពិសេស ការបន្តផ្តល់អាហារូបករណ៍ដល់និស្សិត កម្ពុជាជារៀងរាល់ឆ្នាំ
ក្រោមកម្មវិធីអាហារូបករណ៍អូស្ត្រាលី និងកម្មវិធីភាពជាដៃគូមេគង្គ-អូស្ត្រាលី។
សម្រាប់កិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌភាពជាដៃគូមេគង្គ-អូស្ត្រាលី លោកឧបនាយក រដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះចក្ខុវិស័យរបស់អូស្ត្រាលី នៅក្នុងអនុតំបន់មេគង្គ តាមរយៈការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស ភាពធន់ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការ វិនិយោគ និងការពង្រឹងប្រព័ន្ធអ៊ិនធឺណេត និងថាមពលសំខាន់ៗ។ លោកស្រី ម៉ារីស ផេន បាន បញ្ជាក់ជាថ្មីនូវការបន្តគាំទ្រ និងផ្តល់ជំនួយ ក្រោមក្របខ័ណ្ឌនេះ ដែលមានទឹកប្រាក់ចំនួន ២៣៦លានដុល្លារអូស្ត្រាលី ( ប្រមាណ ១៦៨ លានដុល្លារអាមេរិក) សម្រាប់រយៈពេល ៤ឆ្នាំ ដើម្បីជួយ ដល់ការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ និងធ្វើឱ្យប្រសើរឡើងនូវភាពធន់ផ្នែកសេដ្ឋកិច្ច និង បរិស្ថាន នៅក្នុងតំបន់។
រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានចែករំលែកទស្សនៈគ្នាទៅវិញទៅមកផងដែរអំពីភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលនឹងចូលជាធរមាននៅថ្ងៃទី ០១ ខែមករា ឆ្នាំ២០២២ ហើយដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការជំរុញកំណើនសេដ្ឋកិច្ច ធ្វើឱ្យកាន់តែស៊ីជម សមាហរណកម្មតំបន់ និងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនសមភាគីអូស្ត្រាលីអំពីអាទិភាពនានាសម្រាប់ អាស៊ានឆ្នាំ២០២២ នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។ លោកស្រី ម៉ារីស ផេន បានអះអាងជាថ្មីអំពីការគាំទ្រពេញ លេញរបស់អូស្ត្រាលីចំពោះរាល់កិច្ចខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមនានារបស់កម្ពុជា ក្នុងអាណត្តិ ជាប្រធានអាស៊ានឆ្នាំ២០២២ រួមទាំងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំស្ត្រីអាស៊ាន ដែលគ្រោងនឹងរៀបចំ នៅកម្ពុជា ក្នុងឆ្នាំ២០២២។
រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានផ្លាស់ប្ដូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជា ក្តីបារម្ភរួម និងផលប្រយោជន៍ទៅវិញទៅមក រួមទាំងស្ថានការណ៍ថ្មីៗនៅប្រទេសមីយ៉ាន់ម៉ាផងដែរ៕
ដោយ៖ សុខ ខេមរា