ព័ត៌មានទាន់ហេតុការណ៍៖

ឆេះសាលារៀនសិស្សសាលា២៦នាក់ស្លាប់

ចែករំលែក៖

នៅថ្ងៃទី៨ ខែវិច្ឆិកា មានកុមារ២៦នាក់ស្លាប់ មានអាយុចាប់ពី៥-៦ឆ្នាំ ក្រោយពីសាលារៀនត្រូវអគ្គិភ័យឆាបឆេះនៅទីក្រុង Maradi ភាគខាងត្បូងប្រទេសNiger ។ សាលារៀនដែលភ្លើងឆាបឆេះសាងសង់ឡើងពីឈើងាយក្នុងការឆាបឆេះ។
អភិបាលរដ្ឋ Maradi លោក Chaibou Aboubacar បានប្រកាសថា មកទល់ពេលនេះបានរកឃើញករណីស្លាប់២៦នាក់ និង១៣នាក់រងរបួស ក្នុងនោះមាន៤នាក់របួសធ្ងន់។
រដ្ឋាភិបាល Niger បានប្រកាសថានឹងកាន់ទុក្ខរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៩ខែវិច្ឆិកា។ ក្រោយហេតុការណ៍ខាងលើកើតឡើង រដ្ឋាភិបាលNiger បានចេញសេចក្តីប្រកាសហាមបើកសាលារៀនដែលសាងសង់ឡើងពីឈើនិងចំបើងនៅទូទាំងប្រទេស។
ប្រទេស Niger គឺជាប្រទេសក្រីក្របំផុតនៅលើពិភពលោក បានខិតខំអភិវឌ្ឍន៍វិស័យអប់រំ ដោយមានសាលារៀនរាប់រយខ្នងសាងសង់ឡើងពីឈើនិងចំបើង ហើយសិស្សអង្គុយរៀនផ្ទាល់ដីតែម្តង ។ ការឆាបឆេះសាលារៀនបែបនេះតែងតែកើតឡើងជាញឹកញាប់ ប៉ុន្តែមិនមានអ្នកស្លាប់ឬរបួសច្រើនបែបនេះឡើយ។
ពេលថ្មីៗនេះប្រធានាធិបតី Niger លោក Mohamed Bazoum បានសន្យាថា រដ្ឋាភិបាលនឹងខិតខំដើម្បីផ្លាស់ប្តូរសាលារៀនធ្វើពីឈើនិងចំបើង ទៅជាសាលាថ្មវិញដើម្បីទប់ស្កាត់ការឆាបឆេះនាពេលអនាគត៕ ដោយ៖ធីរីណា

រូបថត៖See news.


ចែករំលែក៖