ខេត្តមណ្ឌលគិរី៖ បុរសម្នាក់បានចាក់សាំងស្រោចលើខ្លួនរួចហើយកេះដែកកេះដុតសម្លាប់ខ្លួននៅក្នុងផ្ទះប្អូន បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ហេតុការណ៍បុរសចាក់សាំងដុតខ្លួនឯងនេះបានកើតឡើងនៅវេលាថ្ងៃត្រង់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ត្រង់ចំណុចផ្ទះឈ្មោះហម ថាវី ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា។
បុរសដែលដុតខ្លួននោះឈ្មោះហម វណ្ណា អាយុ៤៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
យោងតាមការសាកសួរពីអ្នកដឹងរឿងហេតុបានប្រាប់ថា មុនកើតហេតុបុរសនោះបាននិយាយថាចង់សុីឈ្នួលកាត់ស្មៅឱ្យគេ ហើយក្រោយមកបន្តិចក៏ត្រឡប់មកផ្ទះឈ្មោះហម ដាវី ដែលត្រូវជាប្អូននិងបាននិយាយសុំលុយប្អូនទិញម៉ាសុីនកាត់ស្មៅ។ ពេលនោះប្អូនប្រាប់ថាពុំមានលុយទេ ចាំប្តីមកវិញចាំទិញឱ្យ។
ប្រភពបន្តថា បន្តិចក្រោយមកស្រាប់តែបុរសរងគ្រោះនោះដើរទៅប្រាប់ប្អូនជីដូនមួយម្នាក់ទៀតថា បន្តិចទៀតអញដុតផ្ទះចោលហើយ។ រួចក៏ដើរទៅទិញសាំងនិងត្រឡប់ចូលក្នុងផ្ទះប្អូនវិញ ហើយក៏ចាក់សាំងដុតខ្លួនឯងបង្កការភ្ញាក់ផ្អើលតែម្តង។
ក្នុងពេលកើតហេតុក៏មានការភ្ញាក់ផ្អើលឆោឡោឡើងទើបកម្លាំងនគរបាលស្រុកកែវសីមាចុះមកធ្វើអន្តរាគមន៍ភ្លាមៗដែរនិងជួយពន្លត់ភ្លើង រួចហើយជួយយកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យក្នុងស្ថានភាពឆេះខ្លោចពេញរាងកាយទៅហើយ។
ក្នុងហេតុការណ៍នោះក៏មានការខូចខាតសម្ភារមួយចំនួននិងរថយន្តដែលចតទុកក្នុងផ្ទះបន្តិចបន្តួចផងដែរ
ដោយ ៖ ជីវ័ន្ត