ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ឆ្លងចរន្តអគ្គិសនីបណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋ១ខ្នងខូចខាតទាំងស្រុងនិង១ខ្នងទៀតខូចខាតជញ្ជាំង១ចំហៀង

ចែករំលែក៖

ខេត្តកណ្ដាល៖ ផ្ទះប្រជាពលរដ្ឋចំនួន១ខ្នងរងការខូចខាតទាំងស្រុង និង១ខ្នងទៀតដែលនៅជិតខាងគ្នាទទួលរងការខូចខាតជញ្ជាំង១ចំហៀង ដោយសារអគ្គិភ័យលេបត្របាក់បណ្ដាលមកពីទុស្សេខ្សែភ្លើង។ ករណីនេះ​បានកើតឡើង​នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៩និង១០នាទី នៅចំណុចភូមិទួលក្ដី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ 

    មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមាន២ខ្នង គឺទី១-ម្ចាស់ផ្ទះ​ឈ្មោះ ឡាច សុង ភេទប្រុស អាយុ៧៥ឆ្នាំ ជនជាតិខ្មែរ ត្រូវ​ជាម្ចាស់ផ្ទះធ្វើអំពីឈើ ជញ្ជាំងឈើ ប្រក់ស័ង្កសី ទទឹង៦ម៉ែត្រ បណ្តោយ ៩ម៉ែត្រ (ខូចខាតទាំងស្រុង)​។ សម្ភារខូចខាតគឺឆេះរទេះលក់ការ៉េមចំនួន​០១គ្រឿង, ឆេះម៉ាសុីនដេរចំនួន០១​គ្រឿង, ឆេះម៉ាសុីនបូមទឹកចំនួន ០១គ្រឿង, ឆេះម៉ាសុីនបាញ់ថ្នាំចំនួន ០១គ្រឿង, ឆេះលុយអស់ចំនួន3000$,​ខូចខាតស្រូវចំនួន២០បាវនិងសម្ភារប្រើប្រាស់មួយចំនួនទៀត។ ម្ចាស់ផ្ទះ​ទី២​- ឈ្មោះហង្ស មាន​ ភេទប្រុស​ អាយុ៥១ឆ្នាំ មុខរបរ​កសិករ​ ជាផ្ទះឈើ ប្រក់ស័ង្កសី ទទឹង​៦ម៉ែត្រគុណ៩ម៉ែត្រ។ សម្ភារខូចខាតរួមមាន : ឆេះជញ្ជាំងផ្ទះមួយចំហៀង។ 

     ប្រភព​ដដែលបន្តថា​ បន្ទាប់ពីកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលត្រើយស្លាទទួលព័ត៌មានថាមានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅភូមិឃុំកើតហេតុខាងលើ ភ្លាមនោះក៏រាយការណ៍ទៅនគរបាលអន្តរាគមន៍ស្រុកស្អាង និងរាយការណ៍បន្តទៅកម្លាំងការិយាល័យពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីជួយធ្វើអន្តរាគមន៍ពន្លត់។ ក្រោយកម្លាំងការិយាល័យខេត្តកណ្ដាលទទួលបានព័ត៌មានភ្លាមបានរាយការណ៍បន្តទៅកម្លាំងពន្លត់អគ្គិភ័យនៃនាយកដ្ឋានក្រសួងមហាផ្ទៃ ដើម្បីមកធ្វើអន្តរាគមន៍ពន្លត់អគ្គិភ័យដែលកំពុងឆាបឆេះដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុប៧គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យ​របស់​នាយកដ្ឋាន​បង្ការពន្លត់អគ្គិភ័យ០២គ្រឿង, រថយន្ដពន្លត់អគ្គិភ័យរបស់​ការិយាល័យ​ពន្លត់អគ្គិភ័យ​ខេត្តកណ្ដាលចំនួន​០២គ្រឿង, រថយន្ដពន្លត់អគ្គិភ័យ​របស់​អធិការ​ដ្ឋាន​នគរបាល​ស្រុកស្អាង​ចំនួន​០១គ្រឿង, រថយន្ដពន្លត់អគ្គិភ័យ​របស់​អធិការ​ដ្ឋាន​នគរបាល​ស្រុកកៀនស្វាយ​ចំនួន​០១គ្រឿងនិងរថយន្ដពន្លត់អគ្គិភ័យ​របស់​អធិការ​ដ្ឋាន​នគរបាល​ស្រុកកោះធំចំនួន​០១គ្រឿង​ រួមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ទៀត រហូតភ្លើងរលត់ជាស្ថាពរនៅវេលាម៉ោង១០និង១០នាទី ប្រើរយៈពេលមួយម៉ោង។ 

   យោងតាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចជំនាញបានឱ្យដឹងថា ករណីនេះ បណ្តាលមកពីទុស្សេខ្សែភ្លើង​៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖