ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូល្បឿនលឿនជ្រុងទៅបុកគោយន្តកន្ត្រៃយ៍ពីក្រោយពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាប់ៗ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ បើតាមលោក មាឃ សារ៉ន អធិការស្រុកសាលាក្រៅបានឲ្យដឹងថា កាលពីវេលាម៉ោង១៩ និង២០នាទី យប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងដោយសារអ្នកបើកបរម៉ូតូខ្វះការប្រុងប្រយ័ត្នបើកលឿនទៅបុកគោយន្តកន្ត្រៃយ៍ពីក្រោយ បណ្ដាយឲ្យដួលលើផ្លូវស្លាប់នៅនឹងកន្លែងកើតហេតុ) ករណីនេះស្ថិតនៅចំណុចភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

 បើតាមប្រភពពីលោក អធិការស្រុកបានបន្តថា÷អ្នកបើកបរម៉ូតូ ឈ្មោះ ញ៉ន នាង ភេទប្រុស អាយុ ៣០ឆ្នាំ(ស្លាប់នៅនឹងកន្លែង) រស់នៅភូមិទួល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ម៉ូតូម៉ាកសង់ ០៣ពណ៌ ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1A.4831 រួមដំណើរជាមួយ ឈ្មោះ ជៀប ជុំ ភេទប្រុស អាយុ ២០ឆ្នាំរស់នៅភូមិស្វាយ ឃុំបឹងបាត់កន្ដោលស្រុកបាកាន ខេត្តពោធិ៍សាត់ (របួសស្រាល)។

  អ្នកបើកបរគោយន្តកន្ត្រៃយ៍បានបើករត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។

មូលហេតុ: មកពីកត្តាអ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿនមិនមានការប្រុងប្រយ័ត្នទៅបុកគោយន្តកន្ត្រៃយ៍ពីក្រោយដោយគោយន្តកន្ត្រៃយ៍មិនមានដាក់ចំណាំងផ្លាតខាងក្រោយទេ(បើកបរស្របទិសគ្នាពីត្បូងទៅជើង)។

បច្ចុប្បន្នករណីនេះកម្លាំងជំនាញកំពុងស្រាវជ្រាវរកអ្នកបើកបរគោយន្តកន្ត្រៃយ៍ដែលបានរត់គេចខ្លួន ដើម្បីឲ្យចូល ខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់ រីឯវត្ថុតាងម៉ូតូត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលសាលាក្រៅ ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖