ខេត្តស្វាយរៀង៖ បុរសកម្មករសំណង់ម្នាក់ខណ:ឆ្លៀតពេលទំនេរពីការងារបានរាយខ្សែភ្លើងឆក់ត្រីខាងក្រោយផ្ទះ រួចដើរមកដកខ្សែភ្លើងចេញវិញ ចៃដន្យអកុសលឆក់ស្លាប់បង្កការភ្ញាក់ផ្អើលតែម្ដង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិនៅចំណុចភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថាបុរសខាងលើមានឈ្មោះ កើត តុលា អាយុ២៥ឆ្នាំមុខរបរ កម្មករសំណង់ រស់នៅភូមិឃុំកើតហេតុខាងលើ ។
តាមអ្នកភូមិបានឱ្យដឹងថាមុនកើតហេតុគេឃើញបុរសខាងលើបានត្រឡប់មកពីធ្វើការសំណង់មកផ្ទះដូចធម្មតាប៉ុន្តែក្រោយមកក៏ឃើញដើរទៅខាងក្រោយផ្ទះ រាយខ្សែភ្លើង គោលបំណងដើម្បីឆក់ត្រីយកមកធ្វើម្ហូបពេលល្ងាចខាងក្រោយផ្ទះ ក្រោយមកក៏ដើរទៅដកខ្សែភ្លើងចេញវិញ ប៉ុន្តែចៃដន្យអកុសលឆក់ស្លាប់បង្កការភ្ញាក់ផ្អើលតែម្ដង។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖ យឹម សុថាន