ភ្នំពេញ៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញលទ្ធផលនៃជំនួបរវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និង លោក ឃែលិដ ឃៀរី ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា, នៅព្រឹកថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានទទួល លោក ឃែលិដ ឃៀរី (Khaled Khiari) ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
នៅក្នុងកិច្ចស្វាគមន៍ ឃាលិដ ឃៀរី សម្រាប់ដំណើរទស្សនកិច្ចជាលើកដំបូងមកកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកពីការរស់ឡើងវិញរបស់កម្ពុជាក្រោយឆ្នាំ១៩៧៩ និងការសម្រេចបាននូវសន្តិភាពយូរអង្វែង ការផ្សះផ្សារជាតិ និងការអភិវឌ្ឍផ្នែកសង្គមវប្បធម៌បន្ទាប់ ពីការបញ្ចប់អាណត្តិរបស់អ៊ុនតាក់(UNTAC) នៅកម្ពុជាក្នុងឆ្នាំ១៩៩៣។ លោកឧបនាយករដ្ឋមន្តី បានបង្ហាញនូវក្តីសង្ឈឹមថា បទពិសោធន៍របស់កម្ពុជាអាចត្រូវបានចែករំលែកក្នុងការនាំមកនូវសន្តិភាព និងស្ថិរភាពក្នុង និងក្រៅតំបន់។ លោក ឃាលិដ ឃៀរី បានលើកសរសើរកម្ពុជាចំពោះវឌ្ឍនភាព ជាលំដាប់ ការចូលរួមយ៉ាងធំធេងក្នុងការរក្សាសន្តិសុខអន្តរជាតិ និងការគាំទ្រពហុភាគីនិយម និង សណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់។ លោកក៏បានកោតសរសើរកម្ពុជាចំពោះយុទ្ធនាការ ចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដ៏ជោគជ័យ ដែលនាំមកនូវការស្តារឡើងវិញដ៏ល្អនាពេលខាងមុខ និងគូសបញ្ជាក់អំពីការត្រៀមរួចជាស្រេចរបស់អង្គការសហប្រជាជាតិ ក្នុងការគាំទ្រដល់ការអភិវឌ្ឍ ប្រកបដោយចីរភាពក្នុងប្រទេសកម្ពុជា។
ចំពោះតួនាទីកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី បានលើកពីអាទិភាព ដែលកម្ពុជាបានកំណត់ដើម្បីកសាងសហគមន៍អាស៊ានបន្ថែមទៀត ក្រោមមូលបទ «អាស៊ានរួមគ្នា ធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ។ លោកឧបនាយករដ្ឋមន្ត្រី បានចែករំលែកទស្សន របស់កម្ពុជាលើបញ្ហាតំបន់ ដោយលើកជាសំខាន់នូវការតាំងចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់ សន្តិភាព សន្តិសុខ និងវិបុលភាពតំបន់ តាមរយៈការពង្រឹងកិច្ចខិតខំរួមគ្នាសម្រាប់ការស្ដារឡើងវិញ ឆាប់រហ័សពីផលប៉ះពាល់ដែលបណ្តាលមកពីជំងឺរាត្បាតកូវីដ ១៩ ដែលជាការល្អចំពោះមជ្ឈភាព និងឯកភាពរបស់អាស៊ាន។
ចំពោះភាពដៃគូសន្ទនាគ្រប់ជ្រុងជ្រោយអាស៊ាន-អង្គការសហប្រជាជាតិ ដែលឈានដល់ខួបអនុស្សាវរីយ៍ លើកទី១០ នៅឆ្នាំនេះ លោកឧបនាយករដ្ឋមន្ត្រី និង លោក ឃាលិដ ឃៀរី បានពិភាក្សាអំពី ការពន្លឿនកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិក្នុងវិស័យមួយចំនួន ដែលមាន កំណត់ក្នុងក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ការបង្រួមគម្លាតអភិវឌ្ឍក្នុងអាស៊ាន តាមរយៈការអនុវត្តផែនការការងារ AI ទី៤ និងផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ សុខុមាលភាពពលករចំណាកស្រុក ស្រ្តីក្នុងរបៀបវារៈសន្តិភាព និងសន្តិសុខ និងការគាំទទ្រមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC)។ លោកទាំងពីរក៏បានចែករំលែក នូវទស្សនដូចគ្នាស្តីពីការលើកទឹកចិត្តអោយមានការសហការគ្នាជិតស្និទ្ធ រវាងប្រសិតពិសេសរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រេសិតពិសេសនៃប្រធានអាស៊ានស្តីពីបញ្ហាមីយ៉ាន់ម៉ា។
លោកឧបនាយករដ្ឋមន្ត្រី និង លោក ឃាលិដឃៀរី បានរំពឹងដល់វឌ្ឍនភាពបន្ថែមទៀតក្នុង ការអនុវត្តផែនការសកម្មភាពអាស៊ាន-អង្គការសហប្រជាជាតិ ២០២១-២០២៥ រួមទាំងការជំរុញ ភាពបំពេញគ្នាទៅវិញទៅមករវាងចក្ខុវិស័យអាស៊ានឆ្នាំ២០២៥ និងរបៀបវារៈស្តីពីគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ឆ្នាំ2030 និងការរៀបចំកិច្ចប្រជុំអាស៊ាន-អង្គការ សហប្រជាជាតិនៅគ្រប់កម្រិតដោយផ្ទាល់នៅឆ្នាំក្រោយ៕
ដោយ៖ សុខ ខេមរា