ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាបើកក្នុងកម្មវិធីផ្សព្វផ្សាយសៀវភៅសិក្សាស្រាវជ្រាវគាំទ្រកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ «កិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣៖ កិច្ចសហប្រតិបត្តិការពហុភាគីនិយមដើម្បីអនាគតដែលមានភាពធន់ មានចីរភាព និងផ្អែកលើច្បាប់សម្រាប់ ASEM»។
ក្នុងលោកឧបនាយករដ្ឋមន្ត្រី បានលើកពីសារៈសំខាន់ចំនួន៩ចំណុច ដូចខាងក្រោម :
១. ចាប់ពីថ្ងៃនេះ យើងមានរយៈពេលមិនដល់ពីរសប្តាហ៍ទេ ប្រទេសកម្ពុជានឹងមាន កិត្តិយសធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី 13 (ASEM13) ដែលនឹងប្រព្រឹត្ត ទៅតាមប្រព័ន្ធវីដេអូ ហើយខ្ញុំមានសេចក្តីសោមនស្សរីករាយដោយឆ្លៀតយកឱកាសនាថ្ងៃនេះ រៀបចំពិធីផ្សព្វផ្សាយសៀវភៅសិក្សាស្រាវជ្រាវគាំទ្រកិច្ចប្រជុំកំពូល ASEM13 ក្រោមចំណងជើង ថា «កិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣៖ កិច្ចសហប្រតិបត្តិការពហុភាគីនិយមដើម្បីអនាគតដែលមាន ភាពធន់ មានចីរភាព និងផ្អែកលើច្បាប់សម្រាប់ ASEM»។ សៀវភៅនេះ គឺជាការបោះពុម្ពផ្សាយរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ដោយទទួលបានការសាទរយ៉ាងខ្លាំង ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
២. តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងស្មោះស្ម័គ្រចំពោះលោកសាស្ត្រាចារ្យ ហ៊ីដេតុស៊ី នីស៊ីម៉ូរ៉ា ប្រធានវិទ្យាស្ថាន ERIA សម្រាប់ ការប្តេជ្ញាចិត្ត និងការគាំទ្ររបស់លោកសាស្ត្រាចារ្យចំពោះកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិ សាស្ត្រមួយនេះ។ ខ្ញុំសូមអរគុណដល់លោកស្រី អានីតា ប្រាកាស (Anita Prakash) ទីប្រឹក្សគោលនយោបាយជាន់ខ្ពស់ ERIA និងបណ្ដាអ្នកនិពន្ធទាំងអស់ដែលបានចូលរួមចំណែកនៅក្នុងការ សិក្សាស្រាវជ្រាវ និងសរសេរអត្ថបទវិភាគស៊ីជម្រៅនៅក្នុងសៀវភៅនេះ។ ខ្ញុំសូមថ្លែងអំណរគុណ ជាពិសេសដល់ក្រុមការងារលេខាធិការដ្ឋានរៀបចំកិច្ចប្រជុំ ASEM13 របស់ក្រសួងការបរទេស យើង ដែលបានផ្តល់មតិយោបល់ និងធាតុចូលដ៏សំខាន់ ដើម្បីដឹកនាំដំណើរការនៃការតាក់តែង សៀវភៅនេះ រហូតបានបញ្ចប់ជាស្ថាពរ។ ខ្ញុំក៏សូមកោតសរសើរដល់ក្រុមការងារនៃវិទ្យាស្ថានជាតិ ការទូត និងទំនាក់ទំនងអន្តរជាតិ (NIDIR) ដែលបានសហការរៀបចំកម្មវិធីផ្សព្វផ្សាយសៀវភៅ នេះ ជាទម្រង់ដោយផ្ទាល់ផង និងតាមរយៈប្រព័ន្ធវីដេអូផង។
៣. ដូចដែលលោកសាស្ត្រាចារ្យ ហ៊ីដេតុស៊ី នីស៊ីម៉ូរ៉ា បានបញ្ជាក់ពីខាងដើមរួចមកហើយ ថា សៀវភៅនេះមានគោលបំណងបង្ហាញនូវមហិច្ឆតារបស់ ASEM ក្នុងការត្រួសត្រាយផ្លូវរបស់សុថាប័នមួយនេះ តាមរយៈកាលានុវត្តភាព និងបញ្ហាប្រឈមទូទៅនានានៅក្នុងពិភពលោកដែល កំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ សំដៅសម្រេចបានអនាគតមួយ ប្រកបដោយបរិយាប័ន្ន ចីរភាព ភាពធន់ និងផ្អែកលើវិធានច្បាប់សម្រាប់ ASEM។ សៀវភៅនេះក៏ បានគូសបញ្ជាក់ជាចម្បងលើមាគ៌ាធ្វើឱ្យប្រសើរឡើងវិញនូវពហុភាគីនិយម សម្រាប់កិច្ចសហ ប្រតិបត្តិការអាស៊ី-អឺរ៉ុប ឱ្យបានកាន់តែប្រសើរ និងរឹងមាំថែមទៀត។ សៀវភៅនេះបានរួមបញ្ចូល នូវការគិតគូដ៏ហ្មត់ចត់តាមរយៈអត្ថបទនានា ដែលផ្តោតលើទិដ្ឋភាពសំខាន់ៗ ដោយរាប់ចាប់ពី ការតភ្ជាប់ផ្នែកនយោបាយ និងរូបវ័ន្ត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការតភ្ជាប់រវាង ស្ថាប័ន និងប្រជាជន រហូតដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ សៀវភៅនេះទៀតសោតក៏ផ្តល់ នូវគំនិតល្អៗជាច្រើន ដើម្បីជម្រុញ ASEM ឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលនាពេលខាងមុខ។
៤. ខ្ញុំជឿជាក់ថា ការបោះពុម្ពផ្សាយសៀវភៅនេះនឹងក្លាយជាសមិទ្ធផលមួយក្នុង ចំណោមសមិទ្ធផលសំខាន់ជាច្រើនទៀតនៃកិច្ចប្រជុំកំពូល ASEM13 ពោលគឺការបោះពុម្ពផ្សាយនេះ អាចផ្តល់នូវធាតុចូលដ៏មានតម្លៃជាច្រើនសម្រាប់ដៃគូ ASEM និងភាគីពាក់ព័ន្ធនានា ធ្វើការរួមគ្ន យ៉ាងមានប្រសិទ្ធភាព ដើម្បីប្រែក្លាយ ASEM ទៅជាសហគមន៍មួយប្រកបដោយថាមវន្ត មានភាព ធន់ និងចីរភាព សម្រាប់ប្រជាជនក្នុងតំបន់អាស៊ី និងអឺរ៉ុប ក្នុងរយៈពេល២៥ឆ្នាំខាងមុខនេះ និង ទៅអនាគត។
៥. ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ ASEM បានធ្វើឱ្យមានការផ្លាស់ប្តូរជាលក្ខណៈ ស្ថាប័នដ៏គួរឱ្យកត់សម្គាល់ និងបានចូលរួមដោះស្រាយបញ្ហាស្មុគស្មាញនានានៅក្នុងតំបន់ និងសកល ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងបណ្ដាប្រទេសនៃទ្វីបទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ ASEM មិនធ្លាប់ជួបប្រទះក្នុងការដោះស្រាយវិបត្តិសង្គម សេដ្ឋកិច្ច និង សុខភាពដ៏ធ្ងន់ធ្ងរមិនធ្លាប់មាន ក្នុងកម្រិតពិភពលោកដូចបច្ចុប្បន្ននេះទេ។ ជំងឺរាតត្បាតកូវីដ-១៩ បង្ហាញឱ្យឃើញថា ប្រធានបទនៃកិច្ចប្រជុំកំពូល ASEM13 គឺ «ការពង្រឹងពហុភាគីនិយមសម្រាប់ កំណើនរួម» គឺពិតជាមានសារៈសំខាន់ជាងពេលណាៗទាំងអស់។
ផលប៉ះពាល់នៃជំងឺកូវីដ-១៩ បានជ្រាបចូលគ្រប់ផ្នែកទាំងអស់នៃសង្គមរបស់យើង ហើយការស្តារឡើងវិញពីជំងឺនេះគឺជា ដំណើរដ៏វែងឆ្ងាយ និងលំបាកយ៉ាងពិតប្រាកដ។ អនាគតមិនមានភាពប្រាកដប្រជាឡើយ ហើយ សៀវភៅនេះបានគូសបញ្ជាក់ពីសកម្មភាពរួមគ្នាលើកកម្ពស់ពហុភាគីនិយម តាមរយៈមធ្យោបាយ កាន់តែមានប្រសិទ្ធភាពជាងមុន ដើម្បីឆ្ពោះទៅរកការស្ដារឡើងវិញក្រោយជំងឺរាតត្បាតនេះ។
៦. ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ASEM13 ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ គឺ ជាឱកាសពិសេសសម្រាប់កម្ពុជាដើម្បីលើកកម្ពស់កិច្ចប្រជុំកំពូលនេះ ឱ្យក្លាយជាវេទិកាមួយសម្រាប់ ថ្នាក់ដឹកនាំ ASEM ទាំងអស់ ដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់ និងសកល មានជាអាទិ៍៖ សុខភាព សាធារណៈ ការប្រែប្រួលអាកាសធាតុ កំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO) បញ្ហា ការងាររបស់យុវជន និងយេនឌ័រ ជាដើម ក្នុងចំណោមបញ្ហាប្រឈមជាច្រើនទៀត។
៧. ការសង្កត់ធ្ងន់លើការតភ្ជាប់រវាងទ្វីបអាស៊ី និងអឺរ៉ុប តែងតែជាវិស័យអាទិភាពមួយ របស់ ASEM ដូច្នេះ នេះគឺជាពេលវេលាដែលយើងត្រូវប្រែក្លាយការប្តេជ្ញាចិត្តទាំងនេះទៅជា សកម្មភាពជាក់ស្ដែង។ ជាចុងក្រោយ ទ្វីបទាំងពីរចាំបាច់ត្រូវផ្ដោតលើអភិក្រមរួមមួយ ដើម្បីឱ្យការ តភ្ជាប់អាស៊ី-អឺរ៉ុប ក្លាយជាស្ពានតភ្ជាប់ទ្វីបទាំងពីររបស់យើងលើគ្រប់វិស័យទាំងអស់។
៨. ជាថ្មីម្ដងទៀត ខ្ញុំសូមអបអរសាទរដល់ក្រុមលេខាធិការដ្ឋាន ASEM13 របស់កម្ពុជា និងវិទ្យាស្ថាន ERIA ចំពោះការចងក្រង និងបោះពុម្ពផ្សាយសៀវភៅនេះប្រកបដោយជោគជ័យ។ ជាទីបញ្ចប់ ខ្ញុំសូមជូនពរឱ្យព្រឹត្តិការណ៍ថ្ងៃនេះទទួលបានជោគជ័យដ៏ត្រចះត្រចង់។
៩. ខ្ញុំសូមប្រកាសជាផ្លូវការដាក់ឱ្យប្រើប្រាស់នូវសៀវភៅសិក្សាស្រាវជ្រាវគាំទ្រកិច្ចប្រជុំ កំពូលអាស៊ី-អឺរ៉ុបលើកទី១៣ សម្រាប់ភាគីពាក់ព័ន្ធទាំងអស់ប្រើប្រាស់ជាប្រយោជន៍រៀងៗខ្លួន៕
ដោយ៖ សុខ ខេមរា