ខេត្តកំពង់ឆ្នាំង៖ យោងតាមប្រភពពី៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឱ្យដឹងថា, នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលសកម្មភាពការងារកន្លងមក និងលើកទិសដៅអនុវត្តបន្ដ ក្រោមអធិបតីភាពលោល ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត កងកម្លាំងទាំងបី នាយក នាយករដ្ឋបាលាសាលាខេត្ត នាយក នាយករងទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត ដោយឡែកគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ចូលរួមតាមប្រព័ន្ធអនឡាញ(Zoom)។
លោក ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងថា ចំណុចខ្លាំងរបស់យើង គឺកន្លងមកនេះគឺក្រុមការងារថ្នាក់ខេត្ត សហការជាមួយបណ្ដាស្រុកចុះដោះស្រាយសំណូមពរនិងទំនាស់ក្រៅប្រព័ន្ធតុលាការ សរុបសម្រេចបានជាង ៤០០រឿង ក្នុងចំណោមរឿងជាង ៧០០រឿង។ ចំពោះការឆ្លើយតបនឹងគ្រោះមហន្តរាយក៏យើងអនុវត្តបានល្អនិងទាន់ពេលវេលាជាក់ស្ដែងថ្មីៗនេះដែលប្រជាពលរដ្ឋនៅឃុំផ្លូវ ទូកចំនួន ៧៦ខ្នងផ្ទះ ស្នើនិង៧៦ គ្រួសារបានរងគ្រោះដោយខ្យល់ព្យុះកន្ត្រាក់ គឺយើងបានចុះទៅជួយជម្លៀសមកទីទួលសុវត្ថិភាព ជួយផ្ដល់អំណោយ និងជួយជួសជុលផ្ទះរបស់ពួកគាត់ឡើងវិញ។ ចំពោះការចាក់វ៉ាក់សាំងកូវីដ១៩ ចាប់ពីអាយុ ១៨ ឆ្នាំឡើង គឺយើងចាក់បានជិត ១០០ ភាគរយហើយ។
លោកបានមានប្រសាសន៍បន្តថា ទោះបីលទ្ធផលការងារកន្លងមកទទួលបានលទ្ធផលល្អនៅតែមានចំណុចប្រឈមមួយចំនួនដូចជា៖
-នៅតាមទីប្រជុំជន តាមសួនច្បារ សាធារណៈ តាមសាលាស្រុកនិងតាមមន្ទីរអង្គភាពមួយចំនួន នៅមានស្មៅដុះមុខកន្លែងធ្វើការ និងមានសំរាម ដែលកន្លែងខ្លះគឺគ្មានធុងដាក់សំរាមតែម្តង។
-ចំពោះផែនការធ្វើប៉ុស្តិ៍ប្រជាការពារ តាមឃុំ និងស្រុកដែលបានដាក់ជូនកន្លងមកពុំទាន់មានលទ្ធផលនៅឡើយ។
-ការចុះ ឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់មួយចំនួននៅមានការយឺតយ៉ាវ។
-ការដោះស្រាយទំនាស់រវាងលោកចៅអធិការវត្តនិងប្រជាពលរដ្ឋក្នុងភូមិសិរី ឃុំខុនរ៉ង របស់មន្ទីរធម្មការខេត្ត គឺយូរខែហើយពុំទាន់ទទួលបានលទ្ធផល ធ្វើឲ្យប្រជាពល រដ្ឋមិនពេញចិត្ត។
-ចំពោះការចាក់វ៉ាក់សាំងជូនកុមារអាយុ ៥ ឆ្នាំឡើងបានភាគរយតិច មិនទាន់ឆ្លើយតបបានល្អនៅឡើយ។
ជាមួយគ្នានោះដែរ លោកស៊ុន សុវណ្ណរិទ្ធិ បានដាក់ចេញផែនការសម្រាប់អនុវត្តបន្ត៖
១.គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ត្រូវធ្វើបច្ចុប្បន្នភាពចំនួនកុមារអាយុ ៥ឆ្នាំឡើង រាយការណ៍មករដ្ឋបាលខេត្ត ដើម្បីជំរុញឲ្យកុមារយើងបានចាក់វ៉ាក់សាំងគ្រប់ៗគ្នា។
២.ចំពោះករណីមានជនខិលខូចបំពានយកដីរបស់អតីតយុទ្ធជន នៅភ្នំជំរាយ ក្នុងស្រុកសាមគ្គីមានជ័យ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង គណៈបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការនគរបាលខេត្ត មន្ត្រីជំនាញ និងលោកអភិបាលស្រុកសាមគ្គីមានជ័យ ត្រូវសហការគ្នាចុះអន្តរាគមន៍ទប់ស្កាត់និងចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់។ ចំពោះករណីលួចឈូសឆាយដីព្រៃ លិចទឹក មន្ទីរកសិកម្មខេត្ត អភិបាលក្រុងស្រុក និង ជំនាញក៏ត្រូវតែទប់ ស្កាត់និងបង្ក្រាបឲ្យបានទាន់ពេលវេលា។
៣.រដ្ឋបាលក្រុងស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត ក្នុងមួយអង្គភាព ត្រូវមានធុងសំរាមចំនួន៣ ធុងដើម្បីជួយឧបត្ថម្ភមករដ្ឋបាលខេត្តសម្រាប់ដាក់នៅតាមសួនច្បារសាធា រណៈនិងទីប្រជុំជន។ ជាមួយគ្នានេះដែរគ្រប់ក្រុងស្រុក និងមន្ទីរអង្គភាពត្រូវគូសប្លង់ធ្វើសួនច្បារតាមអង្គភាពរបស់ខ្លួន ហើយត្រូវរាយការណ៍មករដ្ឋបាលខេត្តនៅសប្តាហ៍ក្រោយដើម្បីពិនិត្យសម្រេច។
៤.មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងត្រូវធ្វើបច្ចុប្បន្នភាព អង្គភាពសារព័ត៌មានដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងបន្តចាត់វិធានការទប់ស្កាត់ព័ត៌មានក្លែងក្លាយចាត់វិធានការតាមច្បាប់ស្តីពីរបបសារព័ត៌មាន៕
ដោយ៖ សិលា