ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមគ្នា៣នាក់ ជាមុខសញ្ញាសកម្មលួច កាច់កម៉ូតូ ធ្វើសកម្មភាពលួចម៉ូតូ ហុងដាឌ្រីមមួយគ្រឿងបានសម្រេចហើយ ជិះរត់មិនរួច ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបចាប់ខ្លួនបានម្នាក់ បក្ខពួក២នាក់ទៀតរត់គេចខ្លួន កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅភូមិទួលពង្រ សង្កាត់ចោមចីទី១ ដេញចាប់បាននៅក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យ មានឈ្មោះ ភី ណារាជ្រ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅខណ្ឌទួលគោក ។ ចំណែកជនរងគ្រោះ ឈ្មោះ អុឹម ចាន់សុី ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅ ផ្ទះជួល ក្បែរកន្លែងកើតហេតុ មានស្រុកកំណើត ភូមិទួលសំណាង ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ម៉ូតូដែលជនសង្ស័យលួចយក ម៉ាកហុងដា សេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1J-2433 ។
បើតាមជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលជិះម៉ូតូទៅដូរកំប៉ុងហ្គាស ដោយចតម៉ូតូទុកក្រោយខ្នង ភ្លេចខ្លួន ស្រាប់តែជនសង្ស័យម្នាក់ដើរមកហក់ឡើងជិះបើករត់គេច ទើបស្រែកឆោឡោ នាំគ្នាដេញតាម ដោយស្ថានភាពផ្លូវកកស្ទះ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ ផ្តួលម៉ូតូរត់គេចខ្លួន ផ្អើលទាំងកម្លាំងសមត្ថកិច្ច ដេញតាមរហូតដល់ដីវាល ក្នុងភូមិត្រពាំងថ្លឹង១ ទើបចាប់ខ្លួនបានម្នាក់ ។
តាមចម្លើយសារភាព ជនសង្ស័យ និងបក្ខពួក កាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ធ្វើសកម្មភាពកាច់សោ.ក ម៉ូតូមន្ត្រីនគរបាលខណ្ឌពោធិ៍សែនជ័យបានមួយគ្រឿង លុះនៅព្រឹកថ្ងៃ១១ ខែវិច្ឆិកា នេះ ពួកគេទាំង៣នាក់ ជិះម៉ូតូ ទៅភូមិទួលពង្រ ឃើញឱកាសល្អ ចុះទៅលួចម៉ូតូ បានសម្រេចហើយ តែគេចមិនរួចត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនបាន ចំណែក២នាក់ទៀតជិះម៉ូតូគេចទៅបាត់ស្រមោល ។
ក្រោយចាប់ខ្លួនជនសង្ស័យបានម្នាក់ នាំយកទៅសាកសួរនៅប៉ុស្តិ៍ចោមចៅទី១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ និងបន្តស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកបន្ថែមទៀត ។ ដោយឡែក ម៉ូតូដែលយកបានមកវិញ ត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់វិញហើយ ៕
ដោយ៖សុខាសែនជ័យ