ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ ប្តឹងមេកើយខ្លួនឯងជិត១ឆ្នាំហើយ មេនៅតែមេដដែល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជិត១ឆ្នាំទៅហើយ ករណីមន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យចំនួន២១នាក់ បានផ្តិតមេដៃ ប្តឹងមេកើយខ្លួនឯង សូមគោរពជូន សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បើគិតពីថ្ងៃទី២ ខែមករា ឆ្នាំ២០២១។ ប៉ុន្តែប្រធានពន្ធនាគាររូបនេះ នៅតែជាមេដដែល !

សូមបញ្ជាក់ថា, ក្នុងកម្មវត្ថុពាក្យបណ្តឹង មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យសុំប្តឹង ឈ្មោះ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារ ខេត្តបន្ទាយមានជ័យ ពីបទជេរប្រមាថ ធ្ងន់ធ្ងរ និងគ្មាន ក្រមសីលធម៌ និងវិជ្ជាជីវៈជាថ្នាក់ដឹកនាំ។

តបតាមកម្មវត្ថុខាងលើ យើងខ្ញុំសូមគោរពជូន សម្តេច មេត្តាជ្រាបថា៖ រយៈកាលកន្លងមកលោក អ៊ុង ស៊ីផាន បានប្រព្រឹត្តកំហុសជាច្រើន ដូចខាងក្រោម៖

១.គ្មានក្រមសីលធម៌ និងវិជ្ជាជីវៈ ជេរប្រមាថថ្នាក់ដឹកនាំ និងមន្ត្រី

២.យកគ្រួសារមកនៅកន្លែងធ្វើការ និងចិញ្ចឹមសត្វឆ្កែជាច្រើនក្បាលបង្កភាពកខ្វក់ និងពេលខ្លះបង្កគ្រោះថ្នាក់(ខាំមន្ត្រីឱ្យរបួស)ហើយមន្ត្រីវាយការពារខ្លះក៏មិនបាន ។

៣.ប្រជុំហាមមន្ត្រីតាមការិយាល័យមិនឱ្យគោរពតាមការណែនាំរបស់អនុប្រធានពន្ធនាគារទទួលផែន

៤.បក្ខពួកនិយម គៀបសង្កត់មន្ត្រីមិនឲ្យមានការតវ៉ាផ្សេងៗ ពុករលួយ ដូចជាថវិកាធ្វើកំផែង៣៥០ ម៉ែត្រ លោក អ៊ុងស៊ីផានធ្វើបានតែ២០ទៅ៣០ម៉ែត្រទុកចោល។

៥.បំបែកបំបាក់ការសាមគ្គីភាពផ្ទៃក្នុង អាងអំណាចមិនឱ្យមន្រ្តីគោរពអ្នកណាក្រៅពីខ្លួន ។

អាស្រ័យហេតុនេះ សូម សម្តេច ក្រឡាហោម មេត្តាជួយរកយុត្តិធម៌ដល់ពួកយើងខ្ញុំផង។ សូម សម្តេចក្រឡាហោម មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ ។

ពាក់ព័ន្ធករណីនេះ អង្គភាព”នគរដ្រេហ្គន”មិនដឹងថា, ថ្នាក់លើដោះស្រាយដោយវិធីណា តែចំពោះលោកប្រធានពន្ធនាគារ នៅតែជាមេដដែលដល់បច្ចុប្បន្ន ៕

ដោយ៖ សិលា


ចែករំលែក៖