ព័ត៌មានទាន់ហេតុការណ៍៖

គួរឱ្យអាណិតខ្លាំងណាស់! ពេលឃើញបុរសម្នាក់ពកូនស្រីកាន់រូបថតមួយសន្លឹកដើរស្វែងរកប្រពន្ធទាំងទឹកភ្នែកហូររហាម

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ពកូនស្រីដោយនៅនឹងដៃមានកាន់រូបថតមួយសន្លឹកដើរស្វែងរកប្រពន្ធរបស់ខ្លួនដែកបានចាកចេញពីផ្ទះអស់រយៈពេលជាង២ខែមកហើយ ដោយគាត់បានតាមស្វែងរកប្រពន្ធសឹងគ្រប់ខេត្តទៅហើយ…រហូតមកដល់ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គាត់បានមកដល់សាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ សុំឱ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍។ 

   បុរសរូបនេះមានឈ្មោះ សាន់ សារិន ហៅ វី  អាយុ៣៩ឆ្នាំ មុខរបរកម្មករចៀរជ័រ រស់នៅភូមិគីឡូ៩៣ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។ ចំណែកប្រពន្ធឈ្មោះ មឿន ណាមី ហៅង៉ោល អាយុ៣៣ឆ្នាំ ។ 

    តាមបុរសជាប្តីបានឱ្យដឹងថា ក្រោយរៀបការគាត់មានកូនស្រី២នាក់នៅក្នុងបន្ទុក ហើយរូបគាត់បានប្រកបរបរ ជាកម្មករចៀរជ័រកៅស៊ូ។ លុះមកដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ក្រោយពីប្រកែកពាក្យសម្តីនឹងគ្នាមួយប្រ៉ាវរួចមក ស្ត្រីជាប្រពន្ធបានប្រាប់គាត់ថា នាងទៅហើយ ទៅរកមុខរបរថ្មី រួចក៏ឡើងជិះឡានឈ្នួលចាកចេញពីផ្ទះបាត់ ចោលកូនស្រី២នាក់ ចោលរូបគាត់ជាប្តី ទុកឱ្យទន្ទឹងរង់ចាំមើលផ្លូវពីមួយថ្ងៃទៅមួយថ្ងៃ តែចាំបាត់ៗ មិនឃើញវិលវិញឡើយ ធ្វើឱ្យរូបគាត់ជាប្តីដើរតាមស្វែងរកអស់រយៈពេលជាង២ខែមកហើយ។ លុះមកដល់ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គ្រាន់តែឮគេប្រាប់ថា ប្រពន្ធលួចស្នាក់នៅម្តុំផ្សារព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ក៏សម្រេចចិត្តបីកូនស្រីធ្វើដំណើរចាកចេញពីស្រុកដើម្បីមកទីក្រុងភ្នំពេញតាមស្វែងរកប្រពន្ធ។  តែខណៈមកដល់ភ្នំពេញនៅតែរកមិនឃេីញដដែលបានត្រឹមតែពកូនធ្វេីដំណេីរមកសាលាសង្កាត់ចោមចៅទី៣ទាំងទឹកភ្នែកសុំឱ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ផង៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖