ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ពលករខ្មែរជាង២០នាក់យកអាល់កុលសម្រាប់លាងដៃទៅលាយតែអូអ៊ិឈិ និងទឹកក្រូចផឹក ពុលស្លាប់៦នាក់និងកំពុងសង្គ្រោះជាង១០នាក់នៅក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ពលករខែ្មរត្រឡប់មកពីប្រទេសថៃជាង២០នាក់ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលកូបធំ ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបែកគំនិតយកអាល់កុលសម្រាប់លាងដៃដើម្បីធ្វើអនាម័យទៅលាយជាមួយទឹកតែអូអ៊ិឈិ និងទឹកក្រូចផឹកត្រូវពុលស្លាប់និងកំពុងសង្គ្រោះជាច្រើននាក់ ។

   លោកហឿន វីរៈ អភិបាលរងក្រុងប៉ោយប៉ែតបានប្រាប់ថា ពិតជាមានករណីពលករខ្មែរដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បានពុលនិងស្លាប់ពិតប្រាកដមែន។ ពលកររងគ្រោះប្រមាណជាង២០នាក់នោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតដើម្បីសង្គ្រោះ។ លោកបញ្ជាក់ថា ករណីនេះគឺបណ្តាលមកពីបងប្អូនពលករទាំងនោះបានយកអាល់កុលដែលដាក់សម្រាប់ឲ្យពួកគាត់បាញ់ធ្វើអនាម័យយកទៅលាយជាមួយតែអូអ៊ិឈិ និងទឹកក្រូច រួចនាំគ្នាទទួលទាន ធ្វើឱ្យអ្នកខ្លះពុលស្លាប់នៅនឹងកន្លែង និងអ្នកខ្លះទៀតពុលស្លាប់នៅមន្ទីរពេទ្យ ដែលតាមការសាកសួរពលករថា ពួកគាត់ធ្លាប់លាយបែបនេះផឹកជាប្រចាំកាលនៅប្រទេសថៃ។

   លោក រឿន សុធី  អនុប្រធានមន្ទីរសុខាភិបាល និងជាអ្នកនាំពាក្យមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះថា ជនរងគ្រោះដែលបានពុលមានចំនួន២៥នាក់ ក្នុងនោះពុលស្លាប់ចំនួន៦នាក់ ដែលហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១១ ខែវិច្ឆិកា  ប្រហែលជាម៉ោង២រសៀល  ពួកគាត់មានរោគសញ្ញាពុល(សង្ស័យពុលមេតាណុល)។

   លោកបានបញ្ជាក់ទៀតថា ចំពោះអ្នកដែលមានរោគសញ្ញាធ្ងន់ធ្ងរ ត្រូវបានយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តសៀមរាប។ ក្រោយពីមានករណីពុល  ក្រុមការងារមន្ទីរសុខាភិបាលខេត្តបានធ្វើការយកសំណាកដែលពុលទៅវិភាគនៅថ្នាក់ជាតិនៅព្រឹកនេះហើយ។ ចំពោះលទ្ធផលយ៉ាងណានឹងជូនដំណឹងតាមក្រោយបន្តទៀត៕

ដោយ ៖ វណ្ណា


ចែករំលែក៖