ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមការងារមូលនិធិសហសង្គ្រោះសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ លោកស្រី មុំ ចាន់ដានី លេខាធិការគណៈកម្មាធិការសាខា និងជាអនុប្រធានគណៈកម្មាធិការមូលនិធិសហសង្គ្រោះសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកថវិការបស់មូលនិធិ ទៅជួយឧបត្ថម្ភជូនដល់សមាជិក សមាជិកាដែលមានជំងឺចំនួន៣នាក់ និងគ្រួសារសពសមាជិកទទួលមរណភាពចំនួន២គ្រួសារ នៅខណ្ឌដូនពេញ ។
នាឱកាសនោះ លោកស្រីអនុប្រធានគណៈកម្មាធិការមូលនិធិ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់សមាជិក សមាជិកាដែលមានជំងឺដោយសូមឱ្យបន្តស្តាប់តាមការណែនាំរបស់គ្រូពេទ្យ ពិសារថ្នាំឲ្យបានទៀងទាត់ ដើម្បីជំងឺឆាប់បានជាសះស្បើយ ព្រមទាំងក្រុមគ្រួសារសពសមាជិកដែលបានទទួលមរណភាពដោយសូមឱ្យមេត្តាកាត់ចិត្ត បន្តមើលថែកូនចៅ ខិតខំប្រកបរបររកទទួលទាន ដើម្បីចិញ្ចឹមជីវិតជាបន្តទៀត និងសូមបួងសួងចំពោះវិញ្ញាណក្ខន្ធសពសមាជិកទាំងពីរ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
សូមបញ្ជាក់ថា៖ មូលនិធិសហសង្គ្រោះសាខា បានជួយឧបត្ថម្ភជូនដល់សមាជិក សមាជិកាដែលមានជំងឺ ក្នុង១នាក់ៗចំនួន៤សែនរៀល និងគ្រួសារសពសមាជិកទទួលមរណភាព ក្នុង១គ្រួសារៗចំនួន១លានរៀល ៕
ដោយ ៖ សិលា