ខេត្តកំពង់ស្ពឺ ៖ សមទេខ្លួនជាមន្ត្រីនគរបាលយុត្តិធម៌ ជាអ្នកអនុវត្តច្បាប់ ប្រើហិង្សាលើជនសង្ស័យ យកលុយពីទីតាំងបញ្ជល់មាន់ ចុងក្រោយចុះបង្ក្រាប ! ដោយសារបែកការណ៍ ឬអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព !
សូមរម្លឹកថា, សំណុំរឿងលោកប្រធានមន្ទីរអធិការកិច្ច និងទំនាក់ទំនងព្រឹទ្ធសភារដ្ឋសភា ដែលស្ថិតក្នុងប្រតិបត្តិការបង្ក្រាបការបើកសង្វៀនបញ្ជល់មាន់ ក្នុងចំការឬស្សី ស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការហើយ កាលព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ។ ប៉ុន្តែសមត្ថកិច្ចបញ្ជូនទៅតុលាការតែ៣នាក់ ដោយឡែកម្នាក់ដែលញៀនល្បែងបញ្ជាល់មាន់ ហើយមានតួនាទីជាប្រធានមន្ទីរអធិការកិច្ច និងទំនាក់ទំនងព្រឹទ្ធសភារដ្ឋសភា ខេត្តកំពង់ស្ពឺ ត្រូវដោះលែងត្រឹមនគរបាល ដោយយកលេសថា គាត់ទៅលេងនោះមានភារកិច្ចកិច្ចការងារ(ហាសហា…! ) ។ ចំពោះជនសង្ស័យឃាត់ខ្លួនត្រូវបានសាច់ញាតិបញ្ជាក់ថា, នគរបាលនៅអធិការដ្ឋានស្រុកឱរ៉ាល់ បានប្រើហិង្សាផងដែរ។
សូមបញ្ជាក់ថា, សមត្ថកិច្ច បានបង្ក្រាប និងឃាត់ខ្លួនក្រុមអ្នកជល់មាន់ មួយក្រុម មានគ្នា ៤នាក់ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ។ករណីបង្ក្រាបល្បែងជល់មាន់នេះ ហាក់មានការលាក់លៀម មិនអោយព័ត៌មានបែកធ្លាយទេ ព្រោះជាប់ពាក់ព័ន្ធនឹងលោកប្រធានមន្ទីរនោះតែម្តង ក្នុងគោលបំណងដោះលែងម្នាក់ទុក៣នាក់បញ្ជូនទៅតុលាការ។
អ្វីដែលមហាជន ក៏ដូចជាមន្ត្រីតូចតាចមានការងឿងឆ្ងល់ គឺនៅព្រឹកថ្ងៃទី៨វិច្ឆិកា ឆ្នាំ២០២១ គឺ លោកប្រធានមន្ទីរបែរជាដឹកនាំកិច្ចប្រជុំ ធ្វើហាក់បីដូចជាមិនមានរឿងអ្វីកើតឡើងទាល់តែសោះ។ យោងតាមប្រភពពីមន្ត្រីនគរបាលស្រុកឱរ៉ាល់ បានប្រាប់ថា, ទីតាំងបនល្បែងបញ្ជល់មាន់នៅក្នុងស្រុកឱរ៉ាល់ ត្រូវបានសមត្ថកិច្ចនគរបាល ឆ្មក់ចូលបង្រ្កាប កាលពីថ្ងៃទី៥វិច្ឆិកា ឆ្នាំ២០២១។ ប៉ុន្តែហួសចិត្តដោយសារតែមានអន្តរាគមន៍ និងការជួយជ្រោមជ្រែងពីអ្នកមានអំណាច ក្នុងខេត្ត ទើបមិនអោយមានព័ត៌មានបែកធ្លាយចេញក្រៅ។
ប្រភពច្បាស់ការណ៍បានបង្ហើបប្រាប់ សារព័ត៌មានថា , មនុស្សទាំង ៤នាក់ ដែលឃាត់ខ្លួននៅកន្លែងបញ្ជល់មាន់មានដូចជា ៖
១. ឈ្មោះ អ៊ិន សារ៉ន ប្រធាន មន្ទីរទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច ខេត្តកំពង់ស្ពឺ។
២. ឈ្មោះ លីប លីម ថៅកែកាប់ជ្រូកនៅស្ទឹងមានជ័យ។
៣. ឈ្មោះ ជា គឿន ជាមន្ត្រីយោធា
និងទី៤. ឈ្មោះ ហាក់ លាប ថៅកែគ្រឿងចក្រ។ ប៉ុន្តែដោះលែងប្រធានមន្ទីរអធិការកិច្ច រហូតដល់មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋបានលើកឡើងថា, មន្ត្រីនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ធ្វើបែបនេះមិនមានភាពស្មើគ្នាតាម ផ្លូវច្បាប់ អនុវត្តច្បាប់តែទៅលើបុគ្គលទន់ខ្សោយ ប្រជាពលរដ្ឋ ដល់ថ្នាក់ដឹកមន្ត្រីរាជការក្នុងក្របខណ្ឌមុខងារសាធារណៈ បែរជាមិនឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការអោយមានភាពស្មើគ្នាចំពោះមុខច្បាប់។
ទីបំផុត ! មិនត្រឹមតែបែកធ្លាយសមត្ថកិច្ចដោះលែងប្រធានមន្ទីរអធិការកិច្ច និងទំនាក់ទំនងព្រឹទ្ធសភារដ្ឋសភា ប៉ុណ្ណោះទេ គឺបែកធ្លាយអំពើពុករលួយយ៉ាងច្បាស់ក្រឡែតប្រព្រឹត្តដោយលោកអធិការនគរបាលស្រុកឱរ៉ាល់ យកលុយពីសង្វៀនមាន់ហើយ ដឹកនាំកម្លាំងមកបង្ក្រាបចាប់ទៀត ។
គេបានបង្ហើបថា, ទីតាំងបញ្ជល់មាន់នៅក្នុងចំការឬស្សី ស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបង់លុយអោយ លោកអធិការនគរបាលស្រុក ពេលបញ្ជល់មាន់ម្តង ចំនួន២លានរៀល ហើយក្នុង១អាទិត្យបញ្ជល់៣ថ្ងៃ ពេលដែលចុះបង្ក្រាបនោះបានត្រូវរ៉ូវគ្នាបើកដំណើរការបានជាង៥ខែទៅហើយ។
សាច់ញាតិជនសង្ស័យម្នាក់បានបញ្ជាក់ថា, ពេលដែលនគរបាលបានប្រើហិង្សាលើសាច់ញាតិគាត់ រហូតដល់មានរបួសស្នាម ហើយពេលឃាត់ខ្លួន ក៏មានប្រាក់ជាប់តាមខ្លួនចំនួន២៨០០ដុល្លារ ប៉ុន្តែខាងនគរបាលបង្ខំអោយសាច់ញាតិគាត់ដកយក៤០០ដុល្លារទៅ ទុក៤០០ដុល្លារដាក់ក្នុងកំណត់ហេតុ ហើយនៅសល់ពី២០០០ដុល្លារខាងនគរបាលគេដកយក តែសាច់ញាតិគាត់មិនព្រម សំខាន់តម្រូវអោយដាក់ក្នុងកំណត់ហេតុ២៨០០ដុល្លារជាក់ស្តែង។ ដោយសារតែមិនព្រមនេះឯង ទើបបង្កើតជាចងគំនុំគុំគួន យកទៅឃាំងឃាត់ខ្លួន យកដៃមកច្របាច់ខ្នោះអោយណែន ធ្វើអោយមានការឈឺចាប់បំផុត។
ជុំវិញបញ្ហានេះសាច់ញាតិជនសង្ស័យ និងជនសង្ស័យកំពុងសិក្សាជាមួយអ្នកច្បាប់ដើម្បីដាក់ពាក្យបណ្តឹងទៅខាងអធិការកិច្ចក្រសួងមហាផ្ទៃ ចំពោះលោក អធិការនគរបាលស្រុកឱរ៉ាល់ ប៊ុត ប៊ុនធឿន និងបក្ខពួក។
ពាក់ព័ន្ធនឹងការបង្ក្រាប ឈានដល់លេចឮថាប្រើហិង្សា បង់លុយពេលបើកបញ្ជល់មាន់ ហើយខាងជនសង្ស័យត្រៀមប្តឹងលោកអធិការនិងបក្ខពួកនោះ ។ នៅរសៀលថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ ២០២១ លោក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ បានប្រាប់អង្គភាព«នគរដ្រេហ្គន»តាមទូរស័ព្ទថា៖ ខ្ញុំអត់ដឹងថាគេចង់និយាយពីអីទេ ព្រោះពាក់ព័ន្ធនឹងការបង្ក្រាប គឺបង្ក្រាប! រឿងបញ្ជ្ជូនគឺបញ្ជូនហើយ ! រឿងគេចោទប្តឹង ជារឿងរបស់គេ , តែចំពោះសំណួរថា, លោកបានទទួលប្រាក់ពីគេពេលបញ្ជល់មាន់ម្តង២លានរៀលៗ ? លោកអធិការបានបន្តថា៖ ខ្ញុំមិននិយាយ .. ខ្ញុំមិនឆ្លើយ .
អត់តបថាមេចទេ ! បើខាងបងចង់ដឹងពីខាងណា ទៅសួរខាងហ្នឹងទៅ។
សូមបញ្ជាក់ថា, បើលោក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានទទួលលុយពីគេហើយ ជាអំពើពុករលួយដែលឈានដល់មានការស៊ើបអង្កេតពីអង្គភាព និងស្ថាប័នពាក់ព័ន្ធ ខណៈខ្លួនជាមន្ត្រីនគរបាលយុត្តិធម៌ ជាអ្នកអនុវត្តច្បាប់ បែរជាយកតួនាទីភារកិច្ច ដើម្បីជាថ្នូរនឹងការយកលុយចំពោះបនល្បែងនេះ?
សង្ឃឹមថា, លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ក៏ដូចជាស្ថាប័នអយ្យការ នឹងមានវិធានការក្នុងការស៊ើបអង្កេតស្រាវជ្រាវ ក៏ដូចជាចុះធ្វើអធិការកិច្ចឲ្យបានច្បាស់លាស់ ចៀសវាងមានការរិះគន់ពីមជ្ឈដ្ឋានប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕
ដោយ៖ សុខ ខេមរា