ករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសឡាវមានសន្ទុះកើនឡើងខ្ពស់ ហើយនៅក្នុងរបាយការណ៍ថ្ងៃទី១២ខែវិច្ឆិកា ឡាវរកឃើញករណីឆ្លងសរុប១,១៩៨នាក់ទៀត នៅទូទាំងប្រទេស និងអ្នកជំងឺម្នាក់បានស្លាប់។
អាជ្ញាធរគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសឡាវបានឱ្យដឹងទៀតថា ក្នុងចំណោមករណីឆ្លងថ្មីៗទាំង ១,១៩៨នាក់ ដែលត្រូវបានរកឃើញនាអំឡុងពេល២៤ម៉ោងកន្លងទៅនេះ មាន១,១៩៥នាក់ជាករណីឆ្លងក្នុងស្រុក និង៣នាក់ជាករណីនាំចូលពីក្រៅប្រទេស។
ឡាវមានករណីឆ្លងជំងឺ COVID-19 សរុប៥២,១៧៥ករណី ក្នុងនោះមានអ្នកស្លាប់សរុប ៩៤នាក់។ សម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ ឡាវសម្រេចបាន ៦.០៣លានដូស ក្នុងនោះប្រជាជន ២.៧៨លាននាក់ (៣៨.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស។
ចំណែកនៅក្នុងប្រទេសថៃវិញក្រសួងសុខាភិបាលថៃនៅថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៧,៣០៥ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៥១នាក់បន្ថែមទៀតក៏បានស្លាប់ផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នា ។
រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២,០០៤,២៧៤ករណី ក្នុងនោះមានអ្នកស្លាប់ ១៩,៩៣៤នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៨៨៨,៥៣៦នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៨២.៤៦លានដូស ក្នុងនោះប្រជាជន ៣៥.១៨លាននាក់ (៥០.៣% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ដោយ៖ធីរីណា
រូបថត៖THX/TTXVN
រូបថត៖TTXVN-VNA