ព័ត៌មានទាន់ហេតុការណ៍៖

លោក ខៀវ កាញារីទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក កៅ រី អនុប្រធាននាយកដ្ឋាន គ្រប់គ្រងសម្ភារ និងសម្បត្តិរដ្ឋ នៃក្រសួងព័ត៌មាន

ចែករំលែក៖

ភ្នំពេញ៖ នាវេលាម៉ោង ៣ រសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ រួមជាមួយថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន បានអញ្ជើញទៅធ្វើការគោរពវិញ្ញាណក្ខន្ធសព លោក កៅ រី អនុប្រធាននាយកដ្ឋាន គ្រប់គ្រងសំភារៈ និងសម្បត្តិរដ្ឋ នៃក្រសួងព័ត៌មាន ដែល បានទទួលមរណភាពកាលពីវេលាម៉ោង ០៣: ៤០ នាទី ទាបភ្លឺ ឈានចូលថ្ងៃសុក្រទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ជន្មាយុ ៥១ ឆ្នាំ ដោយរោគាពាធ ហើយសព ត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសានា

នៅគេហដ្ឋានសព ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក កៅ រី បានចូលបំរើការងារនៅ ក្រសួងស្ថាប័ន មួយចំនួន តាំងពីជាង ៣០ ឆ្នាំមុន រួមទាំងនៅក្នុងក្រសួងព័ត៌មាន ផងដែរ ។

ជាមួយគ្នានេះដែរ លោក កៅ រី ក៏ជាអ្នក បើករបររថយន្ត អោយ លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ជាង ៣០ ឆ្នាំមកហើយដែរ។

នៅក្នុងឱកាសដ៏ក្រៀមក្រំនោះ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការចូលរួមរំលែកទុក្ខ ជាមួយ លោក កៅ សាម៉ន ត្រូវជាឳពុក បង្កើត លោក កៅ រី ព្រមទាំងក្រុមគ្រួសារ នៃសព ហើយក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងព័ត៌មាន មានសេចក្តីក្រៀមក្រំក្នុងចិត្តឥតឧបមា និងសោក ស្ដាយជាអនេក ដោយបានទទួលដំណឹងថា លោក កៅ រី ត្រូវជាបិតា បានទទួលមរណភាព ទៅហើយ ។

ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងព័ត៌មាន លោក រដ្ឋមន្រ្តី សូមចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំជាមួយ ក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព ហើយសូមបួងសួង ឲ្យវិញ្ញាណក្ខ័ន្ធសព កៅ រី បានទៅសោយសុខ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

តាមកម្មវិធីបុណ្យបូជាសព លោក កៅ នឹងត្រូវដង្ហែចេញពីគេហដ្ឋានឆ្ពោះទៅវត្ត អង្គតាមិញ នៅព្រឹកថ្ងៃអាទិត្យទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

ពិធីបុណ្យខួបគម្រប់ ៧ ថ្ងៃ និង ១០០ ថ្ងៃសព លោក កៅ រី ប្រព្រឹត្តទៅនៅថ្ងៃទី១៧ និង ១៨ ខែវិច្ឆិកា ឆ្នាំ២០២១ នាគេហដ្ឋាននៃសព ផ្ទះលេខ ៧៨៥ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

ប្រភព៖ទទក


ចែករំលែក៖