ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាជាប់ពន្ធនាគារ២នាក់ ធ្វើសកម្មភាពលួចគាស់ផ្ទះពលរដ្ឋមិនបានសម្រេច ត្រូវបានសមត្ថកិច្ចក្របួចជាប់ភា្លមៗ នៅថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២១ វេលាម៉ោង០៣និង៣០នាទីយប់ នៅចំណុចផ្ទះល្វែងលេខ៧C បូរីពេជ្រ ស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យ០២នាក់៖ ទី១-ឈ្មោះ ចាន់ សីហា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) និងទី២-ឈ្មោះ ខេង ឃឿន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។វត្ថុតាងចាប់យក៖១-ដង្កាប់មួយ(របស់ជនសង្ស័យ),២-កន្ត្រៃ២ (របស់ជនសង្ស័យ),៣-ទួណឺវីសមួយ (របស់ជនសង្ស័យ),៤-ដែកទីប ប្រហោងបួនជ្រុង មួយកំណាត់ (របស់ជនសង្ស័យ),៥-កាបូបលុយពណ៌សូកូឡាមួយ និង ឯកសារមួយចំនួន (របស់ជនសង្ស័យ),៦-ទូរស័ព្ទម៉ាកខេមហ្វូនមួយ (របស់ជនសង្ស័យ),៧-កង់មួយគ្រឿង (របស់ជនសង្ស័យ),៨-ម៉ូតូមួយគ្រឿងម៉ាក suzuki step ពណ៌ខ្មៅ ស្លាកលេខ បាត់ដំបង ១F ១៨៥៧, ៩-កាំភ្លើងជ័រ ពណ៌ខ្មៅ ចំនួន២ដើម ។
ប្រភពដដែលបន្តថា កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យទាំង២នាក់ បានជិះកង់ចូលក្នុងបូរីពេជ្រ ដើម្បីរកលួចគាស់ផ្ទះប្រជាពលរដ្ឋ ខណៈមកដល់ផ្ទះល្វែងលេខ៧C ដែលម្ចាស់ផ្ទះបានចាក់សោពីខាងក្រៅទុកចោល រួចជនសង្ស័យបានធ្វើសកម្មភាពយកទួណឺវីស និង ដង្កាប់ ឆ្កឹះនិងគាស់មេសោ ដើម្បីប៉ុនប៉ងលួចទ្រព្យសម្បត្តិ បណ្តាលឱ្យឮសំឡេង ដល់អ្នកជិតខាងតេប្តឹងសមត្ថកិច្ចប៉ុស្តិ៍តាខ្មៅឱ្យចុះឃាត់ខ្លួន។
ជនសង្ស័យនិងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ដោយ៖ស្អាង ជ័យ