ព័ត៌មានទាន់ហេតុការណ៍៖

មោទនភាពជាតិបំផុត និងសូមអបអរសាទរកីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយមាសជើងឯកពិភពលោក នៅអេស្ប៉ាញ!!

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមផេកផ្លូវការរបស់ (Cambodia SEA GAMES 2023) CAMSOC និងពាក្យស្លោក«យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ទាំងអស់គ្នា- កីឡារស់ក្នុងសន្តិភាព SPORTS LIVE IN PEACE នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ឱ្យដឹងថា កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយមាសបន្ទាប់ពីបានយកឈ្នះកីឡាការិនីថៃ នៅវគ្គផ្តាច់ព្រ័ត្រនៅក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកឆ្នាំ២០២១ នៅទីក្រុង Santa Susanna ប្រទេសអេស៉្បាញ។

មុននឹងឡើងដល់វគ្គផ្តាច់ព្រ័ត្រ ម្ចាស់មេដាយមាសពិភពលោកឆ្នាំ២០១៧ របស់កម្ពុជារូបនេះបានយកឈ្នះកីឡាការិនីកាណាដានៅវគ្គ១/៤ ក្នុងលទ្ធផល២៩ទល់២ និងបន្តឈ្នះកីឡាការិនីន័រវេសនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ២៥ទល់១៨ ឈានទៅវគ្គផ្តាច់ព្រ័ត្របន្តឈ្នះកីឡាការិនីថៃក្នុងលទ្ធផល ៣៧ទល់២៩។ ជ័យជម្នះនេះបានធ្វើឱ្យកីឡាការិនី អ៊ុក ស្រីមុំ ក្លាយជាកីឡាការិនីទី២របស់កម្ពុជាដែលរកបានមេដាយមាសទី៥ជាប់ៗគ្នា បន្ទាប់ពីវីរកីឡាការិនី កែ ឡេង  ឈ្នះក្នុងឆ្នាំ២០១៣ ឆ្នាំ២០១៥ ឆ្នាំ២០១៧ ឆ្នាំ២០១៩ និងឆ្នាំ២០២១។

គួររំលឹកថា កីឡាការិនី អ៊ុក ស្រីមុំ  ធ្លាប់ឈ្នះមេដាយមាសជូនជាតិម្តងក្នុងឆ្នាំ២០១៧ ជាវិញ្ញាសាឯកត្តជន។

សូមបញ្ជាក់ថា កម្ពុជាបានបញ្ជូនក្រុមកីឡាប៉េតង់ជម្រើសជាតិ២ក្រុម ទៅចូលរួមព្រឹត្តិការណ៍ពិភពលោក ក្នុងនោះក្រុមកីឡាការិនី ៤រូប បានចេញដំណើរទៅចូលរួមការប្រកួតមុនពីថ្ងៃទី១២-១៤ ខែវិច្ឆិកា មុនក្រុមបុរសដែលគ្រោងចេញដំណើរនៅថ្ងៃទី១៦-វិច្ឆិកា ដើម្បីត្រៀមការប្រកួត ពីថ្ងៃទី១៩-២១ ខែវិច្ឆិកាខាងមុខ។ ចំពោះបេក្ខភាពកីឡាករមាន៤រូបដូចគ្នា រួមមាន អតីតម្ចាស់មេដាយមាសពិភពលោកឆ្នាំ២០១៦ សុខ ចាន់មាន, ថោង ឈឿន, ញ៉ែម បូរ៉ា និងកីឡាករ ស៊ឹង វង់។ បេសកកម្មនេះដឹកនាំដោយលោក សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា៕

ដោយ៖ សិលា


ចែករំលែក៖