ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំស្តីពីដំណើរការនៃការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតថ្មីសម្រាប់ការជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៥

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំស្តីពីដំណើរការនៃការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតថ្មីសម្រាប់ការជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅខេត្តស្វាយរៀង។

សូមបញ្ជាក់ថា, ព្រឹកថ្ងៃអាទិត្យ ១០កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលប្រជុំថ្មីនៃមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង លោក ហេង សុខណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនិងយុវជនជាក្បាលម៉ាស៊ីននៃក្រុមការងារយុវជនគណបក្សខេត្ត លេខាធិការដ្ឋាន និងក្រុមការងារយុវជនគណបក្សស្រុក-ក្រុងទាំង៨នៃខេត្តស្វាយរៀង ក្រោមអធិបតីភាពរបស់ លោក ឌី វិជ្ជា សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀង។ កិច្ចប្រជុំនេះជាកិច្ចប្រជុំបន្តពិនិត្យការងារបន្ថែម បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១។

បន្ទាប់លោកប្រធាន-អនុប្រធានយុវជនគណបក្ស ក្រុង-ស្រុកទាំង៨ បានរាយការណ៍សង្ខេបពីដំណើរការនៃការនៃការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ការចុះឈ្មោះបោះឆ្នោតថ្មី បញ្ហាប្រឈម និងសំណូមពរនានាដែលមាននៅក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតថ្មីនៅតាមមូលដ្ឋានរួចមក បានបង្ហាញពីផែនការសកម្មភាពសម្រាប់ត្រៀមនៅក្នុងការបោះឆ្នោតជ្រើសរើសប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នាឆ្នាំ២០២២។

លោមគណៈអធិបតីបានថ្លែងអំណរគុណចំពោះការចូលរួមនិងរបាយការណ៍ពីថ្នាក់ដឹកនាំយុវជនគណបក្សគ្រប់កម្រិតថ្នាក់ និងបានពាំនាំនូវការសួរសុខទុក្ខពីលោកប្រធានយុវជនគណបក្សថ្នាក់កណ្តាលនិងបានជំរុញឲ្យយុវជន៖ 

១.ធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធជាមួយនឹងការកសាងសមាជិកថ្មី 

២.ការរៀបចំផែនការសកម្មភាព ផែនការថវិកាសម្រាប់គាំទ្រការងារ និងការរៀបចំវគ្គបណ្តុះបណ្តាលដល់យុវជនបក្សជាបេក្ខជន វាគ្មិនគណបក្សជាយុវជន ភ្នាក់ងារគណបក្សជាយុវជន និងសកម្មជនយុវជនគណបក្សនៅតាមមូលដ្ឋាន ជាពិសេសសំដៅដល់ការយកឈ្នះពីការបោះឆ្នោតនៃការជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ និង

៣. រៀបចំរបបប្រជុំជាប្រចាំដើម្បីពិនិត្យ វាយតម្លៃ និងទទួលបាននូវដំណោះស្រាយ ព្រមទាំងអនុសាសន៍សម្រាប់អនុវត្តបន្ត។ 

ជាកិច្ចបញ្ចប់ លោកគណៈអធិបតីបានប្រគល់សេចក្តីសម្រេចជូនប្រធានផែននីមួយៗ និងសមាជិកថ្មីនៃក្រុមការងារ ព្រមទាំងចែកជូនថ្នាំពេទ្យ ម៉ាស អាល់កុល និងស្បែកជើងដើរទឹកជូនដល់ក្រុមការងារយុវជនគណបក្សស្រុក-ក្រុងទាំង៨ និងបានថតរូបជាអនុស្សាវរីយ៍ជាមួយសមាជិក-សមាជិកានៃអង្គប្រជុំផងដែរ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖