ខេត្តបាត់ដំបង៖ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ស្រ្តីម្នាក់ត្រូវបានឃាត់ខ្លួននៅថ្ងៃអាទិត្យទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះដោយ កម្លាំងសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង ហើយបាននាំខ្លួនស្ត្រីម្នាក់នេះបញ្ជូនទៅតុលាការ ក្រោយបែកធ្លាយបានវាយធ្វើបាបកុមារីអាយុ ៨ឆ្នាំជាកូនចិញ្ចឹមជាច្រើនឆ្នាំ។
មន្ត្រីនគរបាលជំនាញ ខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថាករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះត្រូវបានមន្ត្រីការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រៀបចំសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ក្រោយទទួលបានពាក្យបណ្តឹងជាច្រើនបន្តបន្ទាប់ និងស្រាវជ្រាវប្រមូលភស្តុតាងបានត្រឹមត្រូវជាក់លាក់តាមផ្លូវច្បាប់។
លោកបន្តថាការនាំខ្លួនស្ត្រីជាម្តាយចិញ្ចឹមនេះធ្វើឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ពីបទអំពើហិង្សាក្នុងគ្រួសារ (ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ) ដែលបានកើតឡើងនៅត្រង់ចំណុចក្រុមទី១២ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ពិសេសនៅអំឡុងចុងឆ្នាំ ២០២០ រហូតមក។
លោកបានបន្តថាកុមារីរងគ្រោះមានឈ្មោះឯម ចាន់ធីលីហ្សា អាយុ៨ឆ្នាំ ចំណែកឯជនបង្កឈ្មោះអ៊ឹង សុគុណធី ភេទស្រី អាយុ ៥៧ឆ្នាំ ត្រូវជាម្តាយចិញ្ចឹម រស់នៅជាមួយគ្នា។
កុមាររងគ្រោះបានប្រាប់ឲ្យដឹងថានាងត្រូវបានម្តាយចិញ្ចឹមក្តិច មួល និងវាយដោយមែកឫស្សី ចង្កឹះឈើ ឬចានជ័រជាដើម បណ្តាលឲ្យរងរបួសក្បាល ថ្ពាល់ ខ្នងផងដែរ។
យោងតាមការបញ្ជាក់ពីឈ្មោះតូច សុខា អាយុ ៥៤ឆ្នាំជាអ្នកជិតខាងបានបំភ្លឺថានៅក្នុងអំឡុងឆ្នាំ ២០២០ ខ្លួនឮសំឡេងក្មេងស្រីឈ្មោះឯម ចាន់ធីលីហ្សា ហៅនីត ស្រែកយំនៅក្នុងផ្ទះជាញឹកញាប់ ដោយសារម្តាយចិញ្ចឹមវាយ ហើយខ្លួនក៏ធ្លាប់បានប្រាប់រឿងនេះដល់ឳពុកចិញ្ចឹមឈ្មោះណុប ស៊ីថេង ជារឿយៗមកដែរ ប៉ុន្តែដោយសារគាត់មិនសូវនៅផ្ទះព្រោះជាប់រវល់ធ្វើការងារនៅស្រុកឆ្ងាយ។
សមត្ថកិច្ចបានបញ្ជាក់ថាក្រោយការនាំខ្លួនម្តាយចិញ្ចឹមទៅតុលាកាអនុវត្តច្បាប់ មន្ត្រី ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនបាននាំកុមារីរងគ្រោះប្រគល់ទៅឲ្យមន្ទីរសង្គមកិច្ចដើម្បីផ្តល់កន្លែងស្នាក់នៅសមរម្យ សិទ្ធសេរីភាព និងឲ្យបានសិក្សារៀនសូត្រដូចក្មេងដ៏ទៃទៀត។
កុមារីរងគ្រោះមានឈ្មោះឯម ចាន់ធីលីហ្សា ត្រូវបានឳពុកចិញ្ចឹមស្នើសុំនាងពីមណ្ឌលកុមារកំព្រាក្នុងខេត្តបាត់ដំបង តាំងពីឆ្នាំ ២០១៦ ខណ:ក្មេងស្រី ឯម ចាន់ធីលីហ្សាមានអាយុទើបតែបាន ៣ឆ្ឆ្នាំមិនគួរណាម្តាយចិញ្ចឹមមានចិត្តព្រៃផ្សៃបែបនេះទាល់តែសោះ៕
ដោយ៖ អរុណរះ