ភ្នំពេញ៖ សេចក្តីជូនដំណឹង ស្តីពីការអនុញ្ញាតឲ្យអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញចូលមកកម្ពុជាដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័ក។
ទាំងយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានបញ្ជាក់ថា : ឆ្លើយតបទៅនឹងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ ដែលកម្ពុជាបាន និងកំពុងបើក ដំណើរការសេដ្ឋកិច្ច និង សង្គម ពេញលេញឡើងវិញ ខណៈប្រជាជនទូទាំងប្រទេសបានចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុង អត្រាគ្របដណ្តប់រហូតដល់ជិត ៨៨ ភាគរយ នៃចំនួនប្រជាជន ១៦ លាននាក់ រួចទៅហើយ និង ដើម្បីអនុវត្តឲ្យបាន ប្រកបដោយប្រសិទ្ធភាព នូវអនុសាសន៍តាមសារសម្លេងពិសេសដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីការអនុញ្ញាត ឲ្យអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនតម្រូវឲ្យធ្វើ ចត្តាឡីស័ក, ក្រសួងសុខាភិបាលសូមជូនដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និង សាធារណជន ទាំងអស់ដែលជាអ្នកដំណើរមកពីក្រៅប្រទេស (ទាំងខ្មែរ និង ជនបរទេស) ឲ្យអនុវត្តតាមការណែនាំ ដូចខាងក្រោម៖
១- អ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ហើយចូលមកកម្ពុជា តាមផ្លូវអាកាស, ផ្លូវទឹក និង ផ្លូវគោក ត្រូវភ្ជាប់មកជាមួយនូវបណ្ណ ឬ វិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដែលបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានពេញលេញ និង វិញ្ញាបនបត្របញ្ជាក់ថាគ្មានជំងឺកូវីដ-១៩ (តេស្ត PCR) ដែលមានសុពលភាពរយៈពេល ៧២ម៉ោង មុនពេលមកដល់កម្ពុជា ដែលទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាលនៃប្រទេសសាមី។ ពេលមកដល់កម្ពុជា, សាមីអ្នកដំណើរត្រូវធ្វើតេស្តរហ័ស (Rapid Test) កូវីដ-១៩ នៅច្រកចូលប្រទេស ហើយត្រូវរង់ចាំលទ្ធផលតេស្ដរហ័ស រយៈពេលពី ១៥ ទៅ ២០ នាទី ។ បន្ទាប់ពីទទួលបានលទ្ធផលតេស្តកូវីដ-១៩ អវិជ្ជមាន បុគ្គលនោះអាចធ្វើដំណើរបាន ដោយសេរី នៅទូទាំងកម្ពុជា ដោយមិនកម្រិតតំបន់ ឬ ខេត្ត ក្រុង នោះទេ និង មិនតម្រូវឲ្យធ្វើចត្តាឡីស័កឡើយ។
២- សម្រាប់អ្នកដំណើរដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ហើយធ្វើដំណើរចូលមកកម្ពុជា គឺតម្រូវឲ្យឆ្លង កាត់ការធ្វើតេស្តកូវីដ-១៩ ដោយម៉ាស៊ីន PCR និង ធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ស្របទៅតាមនីតិវិធីជាធរមាន ។
៣- អ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ហើយកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌល ចត្តាឡីស័ក, សណ្ឋាគារ និង គេហដ្ឋាន នៅទូទាំងប្រទេស និងដែលមិនមានវិជ្ជមានកូវីដ-១៩ ត្រូវអនុញ្ញាតឲ្យចេញពីការ ធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ ។
សេចក្តីជូនដំណឹងនេះ មានប្រសិទ្ធភាពអនុវត្ត ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ ៕
ដោយ៖ សុខ ខេមរា