ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបង្ហាញមុខសញ្ញាជនសង្ស័យជួញដូរគ្រឿងញៀនឆ្លងដែនសញ្ជាតិកាណាដាម្នាក់ និងគ្រឿងញៀន១៦៧គីឡូក្រាមមុននឹងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចនៃមន្ទីប្រឆាំងបទល្មើសគ្រឿងញៀន(ក១)ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អុិន សុង នាយករងមន្ទីរ លោកវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ និងលោក វរសេនីយ៍ទោ ហុង វណ្ណារិទ្ធ នាយការិយាល័យ(ក១) ចូលរួមសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបឧក្រិដ្ឋជនរក្សាទុក ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន នៅ៣គោលដៅផ្សេងគ្នាជាបន្តបន្ទាប់គ្នា
ដែលគោលដៅទី១-នៅចំណុចក្រុមហ៊ុនដឹកជញ្ជូន ស្ថិតក្នុងភូមិត្រពាំងស្វាយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
គោលដៅទី២-នៅចំណុចបន្ទប់ខុនដូលេខ ៤១២១ ជិតកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
គោលដៅទី៣-នៅបន្ទប់ខុនដូលេខ13AD និង13AE នៅផ្លូវលេខ៣០២ សង្កាត់បឹងកេងកង។ ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់សញ្ជាតិកាណាដា ឈ្មោះ FU YONG QING ភេទប្រុស កើតថ្ងៃទី 11/11/1969 កាន់លិខិតឆ្លងដែនកាណាដា លេខ: AC790143 ព្រមទាំងចាប់យកវត្ថុតាងមាន៖
១-អុិចស្តាស៊ីគ្រាប់(MDMA) ពណ៌ផ្កាឈូក៨៥,៩២២គ្រាប់ ស្មើទម្ងន់ ២៨,៣៥៤.៥៤ក្រ.,
២-អុិចស្តាស៊ីគ្រាប់(MDMA) ពណ៌ប្រផេះ ១៥៤,៤៧៤គ្រាប់ ស្មើនឹងទម្ងន់ ៦០,២៤៤.៩៩ក្រ.,
៣-អុិចស្តាស៊ីម្សៅ(MDMA) កញ្ចប់រូបសេះ F3 ទម្ងន់ ៥០,០២២.៧២ក្រ.,
៤-អុិចស្តាស៊ីក្រាម(MDMA) ទម្ងន់ ២៤,៧០០.៨១ក្រ.
៥-នីមេតាហ្សេប៉ាម(Nimetazepam) ៩,៧៥០គ្រាប់ ស្មើទម្ងន់ ១,៧៣៣.៤០ក្រ.,
៦-មេតំហ្វេតាមីន(ICE) ទម្ងន់៩៨.៩៧ក្រ.,
៧-កេតាមីន (Ketamine) 2,320g សរុបទាំងអស់មានចំនួន១៦៧ គ.ក្រ ៤៧៥.៤៣ក្រាម និងចាប់យកសម្ភារមានកាំភ្លើងខ្លី១ដើម (គ្រាប់៦គ្រាប់), ជញ្ជីង១គ្រឿង, រថយន្ត ១គ្រឿង និងសម្ភារមួយចំនួនទៀត ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕
ដោយ៖ ស សម