ខេត្តកោះកុង៖ លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅព្រឹកថ្ងៃចន្ទ១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញស្វាគមន៍លោកស្រី ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងជាអនុប្រធាន លេខាធិការដ្ឋានអចិន្ត្រៃយ៍នៃ គ.ជ.ស.ស.ខ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការតាមដានវាយតម្លៃ និងការរៀបចំរបាយការណ៍ ទាក់ទងនឹងការងារលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ”។
លោកអភិបាលរងខេត្ត បានលើកឡើងថា យើងទាំងអស់គ្នាអាចមើលឃើញ នៅក្នុងបណ្ដាញសង្គមសព្វថ្ងៃនេះ នូវសកម្មភាពរបស់បុគ្គល មួយចំនួន ដែលមានលក្ខណៈមិនសមរម្យទាំងការប្រើពាក្យសំដី ទាំងកាយវិកា ទាំងសំលៀកបំពាក់ ដែលបាន និងកំពុងបង្ហាញក៏ដូចជាសាបព្រោះនូវឥទ្ធិពលបែបអវិជ្ជមាន ដល់សង្គមជាតិទាំងមូលនៅក្នុងរូបភាព មួយដែលស្តែងឱ្យឃើញថាមានការធ្លាក់ចុះនូវសីលធម៌ក្នុងសង្គមខ្មែរ រឿងរ៉ាវទាំងអស់នេះបង្ហាញឲ្យឃើញយ៉ាងច្បាស់ថាយើងមិនអាចនៅស្ងៀមដោយគ្មានចំណាត់ការសមស្របណាមួយនោះទេ គឺត្រូវតែរួម គ្នា ដោះស្រាយជាបន្ទាន់និងគ្រប់ជ្រុងជ្រោយ។
លើសពីនោះទៅទៀត ការមកដល់នូវសកលភាវូបនីយកម្ម ក៏បាននាំមកឱ្យប្រទេសជាតិនូវការរីកចម្រើន និងបញ្ហាប្រឈមជាច្រើនទៀត ដែលរួមមានជាអាទិ៍ ការប្រកួតប្រជែងរកការងារធ្វើសេពគ្រឿងញៀន ជាតិស្រវឹង ភាពជាមនុស្សទំនើង ការផ្សព្វផ្សាយរូបភាពអាសអាភាស តាមរយៈប្រព័ន្ធអេឡិចត្រូនិក ដែលបង្កឡើងនូវការរំលោភបំពាន ការកេងប្រវ័ញ្ចគ្រប់ប្រភេទ អំពើហិង្សា ការជួញដូរមនុស្ស ការប្រព្រឹត្ត អំពើអនាចារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព អាយុជីវិត សណ្តាប់ធ្នាប់សង្គម និងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរ ដល់គ្រួសារ សហគមន៍ និងសង្គមជាតិ។
ជាមួយនេះដែរ ការងារសីលធម៌សង្គម គឺជាការងារដែលពាក់ព័ន្ធដល់ការផ្លាស់ប្ដូរអាកប្បកិរិយា ក៏ដូចជាផ្នត់គំនិតរបស់ប្រជាជន និងជាការងារមួយដែលមិនអាចធ្វើដោយតក់ក្រហល់ ហើយសម្រេចបាន ជោគជ័យនៅក្នុងរយៈពេលខ្លីបានឡើយ។ ការងារនេះទាមទារនូវពេលវេលា គួបផ្សំនឹងទស្សនៈរួមរបស់ សង្គម ព្រមទាំងការប្តេជ្ញាចិត្តខ្ពស់ពីគ្រប់មជ្ឈដ្ឋាននៅគ្រប់កម្រិត ដោយបន្តលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ដែលជាកត្តារួមចំណែកធ្វើឱ្យមានសមធម៌ បរិយាប័ន្ន សុខុមាលភាពគ្រួសារ និងសង្គម។
សម្រាប់ខេត្តកោះកុង មិនខុសពីបណ្តាខេត្តផ្សេងទៀតឡើយ បានចាត់ទុកការលើកកម្ពស់សីលធម៌ សង្គមតម្លៃស្ត្រីនិងគ្រួសារខ្មែរ ជាចំនុចអាទិភាព ដោយខេត្តមានសេចក្តីសម្រេចបង្កើតគណៈកម្មការចម្រុះ លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ដែលមានលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈ អភិបាលខេត្តកោះកុង ជាប្រធានកិត្តិយស និងមន្ទីរពាក់ពន្ធ័សំខាន់ៗជាប្រធាន អនុប្រធាន និងសមាជិក បានចូលរួមយ៉ាងសកម្មក្នុងការអប់រំ ផ្សព្វផ្សាយដល់ មហាជន និងគ្រប់ដៃគូរពាក់ព័ន្ធ គ្រប់កម្រិត អោយ មានការយល់ដឹង គាំទ្រ ផ្ដល់តមៃ្ល និងទទួលខុសត្រូវទាំងអស់គ្នា ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន ទាំងក្នុងគ្រួសារ ក្នុងសហគមន៍ ស្ថាប័ន និងសង្គម៕
ដោយ៖សហការី