ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃចន្ទទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី ផៃ សុផាត មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៤១ ដោយមានការចាត់តាំងពីសំណាក់ឧត្តមសេនីយ៍ទោ នាង ឃីម បានប្រគល់អាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន។
អំណោយអាវរងារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ជូនដល់ដៃ កងទ័ពនៅព្រំដែនជួរមុខ កម្ពុជា-ថៃ ក្នុងអង្គភាពកងពលតូចថ្មើរជើងលេខ៤១ នៃយោធភូមិភាគទី៤ ដោយលោកឧត្តមសេនីយ៍ត្រី ផៃ សុផាត មេបញ្ជាការរង នាយសេនាធិការកងពលតូចថ្មើរជើងលេខ៤១ បានធ្វើការប្រគល់អាវរងាភ្លាមៗដល់ការិយាល័យ និងវរសេនាតូចចំណុះឲ្យកងពលតូចថ្មើរជើងលេខ៤១ ក្រោយពីក្រុមការងារដឹកជញ្ជូនអាវរងាមកដល់ទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ភ្លាមៗ។
លោកឧត្តមសេនីយ៍ត្រី ផៃ សុផាត មេបញ្ជាការង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៤១ បន្ទាប់ពីអាវរងាបានមកដល់កងពល បទបញ្ជារបស់ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការ បានឲ្យក្រុមការងាររៀបចំប្រគល់អាវរងាទាំងនោះទៅគ្រប់អង្គភាព ដើម្បីឲ្យកងទ័ពយកទៅប្រើប្រាស់ដណ្តប់កាយនារដូវរងារនេះ ក្នុងភារកិច្ចការពារបូរណភាពទឹកដីនៃយើង។
ឧត្តមសេនីយ៍ត្រី ផៃ សុផាត តាងនាមឲ្យកងទ័ពកងពលតូចថ្មើរជើងលេខ៤១ នៃព្រំដែនជួរមុខ កម្ពុជា- ថៃ សូមថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិក “សន្តិភាព” និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលតែងតែគិតគូរពីការរស់នៅរបស់កងទ័ព និងកងកម្លាំងឈរជើងនៅតាមព្រំដែនគ្រប់ពេលវេលា ដែលជានិច្ចកាលរដូវរងារឧបត្ថម្ភអាវរងា នៅរដូវវស្សាឧបត្ថម្ភអាវភ្លៀង និងថវិកា ឬសម្ភារផ្សេងៗទៀត ដោយអំណោយទាំងនេះ បានបញ្ជូនដល់ដៃកងកម្លាំងរបស់យើងគ្រប់អង្គភាព៕
ដោយ៖ សូរិយា