ភ្នំពេញ៖ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដាក់លក់ដោយបង្ខំនូវផ្ទះរបស់លោក សម រង្ស៊ី ដែលជាអតីតបក្សសង្គ្រោះជាតិផងដែរ ដែលស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ចាក់ អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យក ទៅសងប្រធានរដ្ឋសភាសម្តេចពញាចក្រី ហេង សំរិន , នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន រដ្ឋមន្ត្រី , ក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង និងរាជររដ្ឋាភិបាល។
យោងតាម«ដីកាសម្រេចចាប់ផ្តើមលក់ដោយបង្ខំ» ដោយចៅក្រមអនុវត្តសាលាដំបូងរាធានីភ្នំពេញ លោក អ៊ឹម វណ្ណៈ ចំនួន៤សន្លឹកយកទៅបិទមុខ ផ្ទះលោក សម រង្ស៊ី ថាការសម្រេចដាក់លក់ ដោយបង្ខំនេះគឺដើម្បីយកសំណងមកសងតាម ដីការស្ថាពរចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧របស់ តុលាកំពូល ដែលសម្រេចឱ្យលោកសម រង្ស៊ី សង ជំងឺចិត្តដល់សម្តេចពញាចក្រី ហេង សំរិន ចំនួន២៥០លានរៀល ដីកាស្ថាពររបស់តុលាការ កំពូលចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ដែល សម្រេចឱ្យសងជំងឺចិត្តដល់សម្តេចតេជោ ហ៊ុន សែន ចំនួន ៤ពាន់លានរៀល សាលក្រមព្រហ្ម ទណ្ឌស្ថាពររបស់សាលាដំបូងរាជធានីភ្នំពេញចុះ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ដែលសម្រេចឱ្យសង ជំងឺចិត្តដល់សម្តេចក្រឡាហោម ស ខេង ចំនួន២ពាន់លានរៀល និងសាលក្រមព្រហ្មទណ្ឌ ស្ថាពរចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ដែល សម្រេចឱ្យសងដល់រាជរដ្ឋាភិបាលចំនួន ១៨០០លានរៀល។
បើសរុបសំណងទាំងបួនខាងលើទឹកប្រាក់ដែល លោក សម រង្ស៊ី ត្រូវសងមានចំនួន ៨ពាន់៥០លានរៀល ឬ ប្រមាណ២លាន១ម៉ឺន២ពាន់៥រយដុល្លារអាមេរិក (២០១២ ៥០០ ដុល្លារអាមេរិក)។
អង្គភាព”នគរដ្រេហ្គន” មិនអាចទាក់ទងមេធាវីការពារ លោក សម រង្ស៊ី គឺលោកមេធាវី សំ សុខគង់ បាននៅឡើយទេ ខណៈមេធាវី ជួង ជូងី ថា លោកមិនបានដឹងពីការសម្រេចរបស់តុលាការ ដាក់លក់ផ្ទះរបស់លោក សម រង្ស៊ី នោះទេ ហើយ ក៏សុំមិនផ្តល់យោបល់យ៉ាងណាចំពោះការដាក់ លក់នេះផងដែរ៕
ដោយ៖ សុខ ខេមរា