ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅទទួលដោយផ្ទាល់នូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២លានដូស ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិនផ្តល់ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ស្អែកនេះ ។
សូមបញ្ជាក់ថា កន្លងមកក៏ដូចជាបច្ចុប្បន្ន មហាមិត្តចិន ជានិច្ចកាលតែងតែផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ទាំងវ៉ាក់សាំងជំនួយ ទាំងការបញ្ជាទិញ សម្រាប់ចាក់ជូនដល់ប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ។ ជាងនេះទៀត ក្នុងជំនួបរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយ លោក លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ម្សិលមិញនេះ រដ្ឋាភិបាលចិន បានសម្រេចបន្តជួយដល់កម្ពុជា នូវវ៉ាក់សាំងដើម្បីជួយទប់ស្កាត់ជំងឺកូវីដ-១៩ នៅពេលឆាប់ៗនេះ ក៏ដូចជាផ្ដល់នូវជំនួយពាក់ព័ន្ធវិស័យសុខាភិបាល និងពេទ្យព្យាបាលជំងឺ កូវីដ-១៩ ដល់កម្ពុជាផងដែរ ។
សូមបញ្ជាក់ថា, តាមរយៈកិច្ចខិតខំប្រឹងប្រែង របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន កម្ពុជាមានកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០០,៦១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៥០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៣,៨១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ៧៨,១៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៨៧,៩៣% ៕
ដោយ ៖ សិលា