ភ្នំពេញ៖ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានប្រារព្ធពិធីបើកជាផ្លូវការនៅរសៀលថ្ងៃទី១៦ ខែ វិចិ្ឆកា ឆ្នាំ២០២១នេះ តាមប្រព័ន្ធនិម្មិត ផ្សាយចេញពីរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលមានគណៈប្រតិភូសភាក្នុងតំបន់ទំាងពីរ អាស៊ី និងអ៊ឺរ៉ុប និងដៃគូជាង៣០ប្រទេសនិងស្ថាប័នចូលរួម។
មានប្រសាសន៍បើកកិច្ចប្រជុំ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាសហប្រធាន ASEP11 បានលើកឡើងថា ទោះបីជាក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ តំបន់អាស៊ីនិងអឺរ៉ុប ទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពគួរឱ្យកត់សម្គាល់យ៉ាងនេះក្តី តំបន់ទាំងពីរនៅតែជួបបញ្ហាប្រឈមជាច្រើនដែលបានជះឥទ្ធិពលដោយផ្ទាល់មកលើជីវិត និងក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋរបស់យើង។
ជាមួយនឹងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបណ្តាលមកពីជំងឺរាតត្បាតសកលកូវីដ-១៩ តំបន់ទាំងពីរទទួលរងនូវផលប៉ះពាល់ពីបញ្ហាប្រឈមធំៗជាច្រើនទៀត រួមមាន បញ្ហាសន្តិសុខ ភេរវកម្ម ការប្រកួតប្រជែងពាណិជ្ជកម្ម និងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ សន្តិសុខនៃធនធានធម្មជាតិ វិសមភាពសង្គម និងយេនឌ័រ ពិសេស ការប្រែប្រួលតុល្យភាពអំណាចដែលជាឃ្នាស់អាចបង្ករឱ្យមានសង្រ្គាមក្នុងរូបភាពណាមួយ ក៏ថាបាន។
សម្តេចបានគូសបញ្ជាក់ថា ការជួបជុំគ្នាក្នុងកិច្ចប្រជុំភាពជាដៃសភាតំបន់ទំាងពីរនៅ ក្រោមមូលបទស្តីពី “ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩” ពិតជាមានសារៈសំខាន់និងសមស្របបំផុតទៅនឹងបរិបទបច្ចុប្បន្ន។
ការជួបជុំនេះមិនត្រឹមតែផ្តល់នូវឱកាសដល់ការពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ព្រមទាំងបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមកប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវកាលានុវត្តភាពដ៏ប្រសើរមួយ ដើម្បីយើងរួមគ្នាស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនិងក្តីកង្វល់រួមរបស់យើង សំដៅលើកកម្ពស់សុខសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលជាបំណងប្រាថ្នារួមរបស់ប្រជាជនយើងក្នុងតំបន់ទាំងពីរ ក៏ដូចជាសកលលោកទាំងមូល។ ជាមួយគ្នានេះ ការជួបជុំគ្នានៅពេលនេះ ក៏ជាការសាទរនូវក្តីសង្ឃឹមជាថ្មី នៃការបើកឱ្យដំណើរការនូវ សេដ្ឋកិច្ចសង្គមឡើងវិញ និងការរៀនរស់តាម ប្រក្រតីភាពថ្មី។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិនបានសង្កត់ធ្ងន់ថា សន្តិភាពនៅក្នុងប្រទេសមួយ តំបន់មួយ ក៏ដូចជាសកលលោកទាំងមូល គឺជាបុរេលក្ខខណ្ឌចម្បងចាំបាច់បំផុតសម្រាប់ការអភិវឌ្ឍ។ តំបន់មួយមានសន្តិភាពជាកន្លែងមួយដែលមានការអភិវឌ្ឍ។ សន្តិភាពត្រូវដើរទន្ទឹមនឹងការអភិវឌ្ឍ។ បើមានតែសន្តិភាព ហើយគ្មានការអភិវឌ្ឍ សង្គមមួយនោះក៏មិនអាចនៅស្ថិតស្ថេរយូរអង្វែងបានឡើយ។ ដូចនេះ សភាត្រូវបន្តលើកកម្ពស់បន្ថែមទៀតនូវវប្បធម៌សន្ទនា និងតម្លៃនៃសន្តិភាព សម្រាប់ដោះស្រាយបញ្ហាទាំងឡាយខាងលើ។
យន្តការ “ការទូតសភា” រួមមាន ការទូតបង្ការជម្លោះ និងការទូតផ្សះផ្សារ ជាយន្តការគន្លឹះក្នុងការដោះស្រាយបញ្ហាទាំងនេះ។ បន្ថែមពីនេះ ដើម្បីឱ្យសន្តិភាពបានស្ថិតស្ថេរគង់វង្សយូរអង្វែង យើងចាំបាច់ត្រូវលើកកម្ពស់នូវវិបុលភាពរួម យុត្តិធម៌សង្គម អភិបាលកិច្ចល្អ សិទ្ធិមនុស្ស និងគុណតម្លៃ នៃប្រជាធិបតេយ្យ។
សូមជម្រាបថាកិច្ចប្រជុំភាពជាដៃសភាអាស៊ី-អឺរ៉ុប ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ជាផ្នែកសំខាន់មួយនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣(ASEM13) ដែលរាជរដ្ឋាភិបាលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅចុងខែវិច្ឆិកានេះដែរ។ លទ្ធផលនៃកិច្ចប្រជុំភាពជាដៃគូសភាតំបន់អាស៊ី-អឺរ៉ុបនាពេលនេះគឺជាធាតុចូលសំខាន់ជាសំឡេងរបស់ពលរដ្ឋសម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនាពេលខាង មុខនោះ។
ក្នុងនាមជាម្ចាស់ផ្ទះ ASEP11 នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានក្តីសង្ឃឹមថា វេទិកានេះ នឹងប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ មិត្តភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការល្អ ដោយឈរលើស្មារតី ក្នុងការលើកយកបញ្ហាសំខាន់ៗរួម និងជាក់ស្តែងពីក្នុងតំបន់ មកជជែក ពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា ព្រមទាំងដាក់ចេញនូវដំណោះស្រាយរួម ដែលឆ្លុះបញ្ចាំងពីទស្សនទានប្រកបដោយវិចារណញ្ញាណ និងចក្ខុវិស័យវែងឆ្ងាយសម្រាប់ជាគោលមាគ៌ាក្នុងការពង្រឹងនិងលើកកម្ពស់សហប្រតិបត្តិការទាំងក្នុងក្របខណ្ឌតំបន់ និងរវាងតំបន់ទាំងពីរ ឱ្យកាន់តែស៊ីជម្រៅនិងរឹងមាំថែមទៀត ស្របទៅនឹងការវិវឌ្ឍនៃសភាពការណ៍តំបន់និងសកល សំដៅស្តារសេដ្ឋកិច្ច សង្គម ក្រោយវិបត្តិកូវីដ-១៩ ឱ្យងើបឡើងវិញបានឆាប់រហ័ស ប្រកបដោយភាពធន់ និងរឹងមាំជាងមុន ឈានទៅសម្រេចបាននូវសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពរួម ។
ក្នុងពិធីបើកកិច្ចប្រជុំ ASEP11 មានការអញ្ជើញចូលរួមពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលបានអញ្ជើញថ្លែង សន្ទរកថាស្វាគមន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ បានអញ្ជើញថ្លែងសន្ទរកថាគន្លឹះ និងមានការចូលរួមពីសំណាក់លោកស្រី ហេឌី ហូតាឡា(Heidi Hautala) អនុប្រធានសភាអឺរ៉ុប ផងដែរ៕
ដោយ៖ស តារា