ព័ត៌មានទាន់ហេតុការណ៍៖

អ្នកកាសែតម្នាក់កំពុងតែបើករថយន្តសុខៗ ស្រាប់តែលេចចេញអណ្តាតភ្លើង ពីមុខរថយន្តយ៉ាងសន្ធោសន្ធៅ តែសំណាងល្អម្ចាស់បានចេញរួច

ចែករំលែក៖

ខេត្តក្រចេះ ៖  អ្នកកាសែតម្នាក់កំពុងតែបើករថយន្តសុខៗ ស្រាប់តែមានភ្លើងឆេះធ្វើឱ្យម្ចាស់ភ័យស្លន់ស្លោបើកទ្វាររត់ចេញសឹងតែមិនរួច ហើយបន្តិចក្រោយមករថយន្តទាំងមូលត្រូវភ្លើងឆេះម៉ត់សល់តែគ្រោងឆ្អឹង ធ្វើឲ្យភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរឈប់ចោមរោមមើលយ៉ាងហួសចិត្ត។ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនឹកស្មានមិនដល់នេះ បានកើតឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៨៖២០នាទីព្រឹក នៅចំណុចភូមិត្រាំដុំ ឃុំវឌ្ឍន: ស្រុកសំបូរ ខេត្តក្រចេះ។ 

បើតាមអ្នករួមដំណើរតាមក្រោយបានឱ្យដឹងថា  ម្ចាស់រថយន្តឈ្មោះសឿ រ៉ា ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិរកាកណ្តាល២ សង្កាត់រកាកណ្តាល ក្រុង -ខេត្តក្រចេះ បានបើកបររថយន្តម៉ាកកាមរី ស៊េរីឆ្នាំ១៩៩១ ពាក់ស្លាកលេខភ្នំពេញ 2A -2871បើកបរនៅលើកំណាត់ផ្លូវក្រួសក្រហមនៅចំណុចទីតាំងកើតហេតុខាងលើ ដែលកំពុងតែបើកបរសុខៗ ស្រាប់តែឃើញភ្លើងឆេះចេញពីក្នុងរថយន្ត ភ្លាមៗនោះក៏ឃើញម្ចាស់ចេញពីក្នុងរថយន្តកើតហេតុ ដោយពុំបានយកឯកសារឬសម្ភារផ្សេងៗនៅក្នុងរថយន្តនោះបានឡើយ។ 

ដោយឃើញសភាពភ្លើងឆេះខ្លាំងពេក មិនអាចជួយពន្លត់បានទើបនាំគ្នាឈរមើល ទាំងម្ចាស់រថយន្តទាំងអ្នកដំណើរក្នុងហេតុការណ៍នេះ។ ម្ចាស់រថយន្តដែលឆេះនោះបានបញ្ជាក់ថា: មូលហេតុបណ្ដាលឱ្យឆេះរថយន្តនេះ គឺមកពីឆ្លងប្រព័ន្ធភ្លើងដោយខូចបូមសាំង ហើយគាត់បានកាច់ប្រើហ្គាសវិញ នឹកស្មានថាមិនអីដូចសព្វមួយដង ប៉ុន្តែពេលកំពុងបើកបរ ស្រាប់តែឆ្លងចរន្តភ្លើងបណ្ដាលឱ្យឆេះ អស់ទាំងរថយន្ត អស់ទាំងសម្ភារក្នុងរថយន្តនោះតែម្ដង៕

ដោយ៖ មាស សុផាត


ចែករំលែក៖