ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹងស្រាបើកឡំប្រឺតាបុកម៉ូតូ PCXបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើកម៉ូតូឡំប្រឺតារេចង្កូតបុកម៉ូតូPCXចំពីមុខពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ នឹង២០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញឡំប្រឺតាមួយគ្រឿងពណ៌សពាក់ស្លាកលេខកំពត1P.3915 បើកបរដោយបុរសម្នាក់ រួមដំណើរដោយក្មេងប្រុសម្នាក់ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែរេចង្កូតជ្រុលទៅបុកចំពីមុខម៉ូតូមួយគ្រឿងម៉ាកPCXពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ1HF. 2798ពេញទំហឹងបើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូងបណ្តាលឲ្យរងការខូចខាតម៉ូតូទាំងសងខាងយ៉ាងដំណំ ចំណែកម្ចាស់ម៉ូតូPCXរងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីទាំងពីរសម្របសម្រួលគ្នាមិនត្រូវទើបសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕

ដោយ៖និនសុភ័ស្ត


ចែករំលែក៖