ភ្នំពេញ ៖ នារីជានិស្សិតឆ្នាំទី២ម្នាក់បានអង្គុយយំស្ដាយខ្សែករបស់ខ្លួនដែលទម្រាំសន្សំលុយទិញបាន តែត្រូវក្រុមចោរឆក់យកបានសម្រេចកាលវេលាម៉ោង៩ និង១០នាទីយប់ថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១ ទល់មុខផ្សារសុវណ្ណា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ សុផាន់ណា ភេទស្រី អាយុ១៩ឆ្នាំ ជានិស្សិតឆ្នាំទី២ ស្នាក់នៅក្រោយសាលាវ៉ាន់ដា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង និងមានស្រុកកំណើតនៅភូមិព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។
តាមសម្ដីនារីរងគ្រោះបានប្រាប់ឱ្យដឹងថា ខ្សែករបស់គាត់ប្រភេទផ្លាទីន ទម្ងន់៣ជី ហេីយមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូវ៉េវ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CR-6522 ឌុបមិត្តស្រីម្នាក់ទៀតក្នុងគោលបំណងមកទិញបាយឆា ដោយធ្វើដំណើរតាមបណ្ដោយផ្កូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើ នារីរងគ្រោះបម្រុងឈប់ម៉ូតូទិញបាយឆា តែមិនទាន់បានទិញផងស្រាប់តែលេចមុខជនសង្ស័យ៣នាក់ ជិះម៉ូតូ២គ្រឿងមិនចាំស្លាកលេខមកធ្វើសម្មភាពឆក់យកខ្សែករបស់គាត់ជាអ្នកឌុបបានសម្រេច រួចហេីយជិះគេចខ្លួនទាំងនារីរងគ្រោះជិះម៉ូតូដេញតាមពីក្រោយស្រែកថាចោរៗ តែគ្មានអ្នកណាម្នាក់ជួយដេញតាមសោះ រហូតនារីរងគ្រោះជិះម៉ូតូដេញមកដល់ការាសសាំងសូគីមុិចខាងកើតស្ពានអាកាសស្ទឹងមានជ័យ ក៏ដេញលែងទាន់ឈប់ម៉ូតូអង្គុយយំសោកស្តាយខ្សែករបស់គាត់ ។
ក្រោយកើតហេតុ នារីរងគ្រោះមិនបានទៅដាក់ពាក្យបណ្ដឹងនោះទេ ដោយរូបគាត់និងមិត្តភក្តិបានជិះម៉ូតូទៅបាត់ទាំងក្ដីអស់សង្ឃឹម ៕
ដោយ ៖ ភារ៉ា ដង្កោ