ភ្នំពេញ ៖ បុរសម្នាក់បានខឹងនឹងបុរសម្នាក់ទៀតនិយាយដៀលខ្លួនថាជាមនុស្សឆ្កួតឡប់ៗ ក៏យកកាំបិតកាប់បណ្ដាលឱ្យរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង០៦និង២០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចរោងស្នាក់នៅក្នុងការដ្ឋានសំណង់បុរីប៉េងអុីម ផ្លូវបេតុងព្រៃស ខណ្ឌដង្កោ ។
ជនបង្កដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ វ៉ុន ជីវ័ន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់បុរីប៉េងអុីម ផ្លូវបេតុងព្រៃស ស្ថិតនៅក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។ ចំណែកជនរងគ្រោះ ឈ្មោះ អ៊ុក បូរ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់បុរីប៉េងអុីម ផ្លូវបេតុងព្រៃស ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។
លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌដង្កោ បានឱ្យដឹងថា មុនពេល
កេីតហេតុជនរងគ្រោះកំពុងតែអង្គុយបោកខោអាវនៅខាងមុខរោងស្នាក់នៅក្នុងការដ្ឋានសំណង់បុរីប៉េងអុីម ផ្លូវបេតុង ព្រៃស ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ស្រាប់តែជនសង្ស័យដែលជាកម្មករសំណង់ដូចជនរងគ្រោះដែរ បានកាន់កាំបិតប៉័ងតោដើរចេញពីកន្លែងស្នាក់នៅរបស់គេ មកកាប់ជនរងគ្រោះពីក្រោយត្រូវចំក្បាលខាងលើមួយកាំបិត បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយជនសង្ស័យក៏បានដើរទៅកន្លែងស្នាក់នៅរបស់គេវិញ ។ ក្រោយមក ឈ្មោះ ឡាយ ស្រីទូច ភេទស្រី អាយុ៣៧ឆ្នាំ បានឮសំឡេងជនរងគ្រោះស្រែកនៅខាងក្រៅរោងស្នាក់នៅ ក៏បានចេញមកមើលឃើញជនរងគ្រោះរងរបួសក្បាលហូរឈាមពេញខ្លួន ក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ឱ្យជួយធ្វើអន្តរាគមន៍។
ខណៈពេលដែលសមត្ថកិច្ចយើងបានចុះទៅដល់កន្លែងកើតហេតុ ក៏យកជនរងគ្រោះទៅព្យាបាលរបួសនៅ ឱសថស្ថានកូនបី ស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ ដោយដេរចំនួន០៩ថ្នេរ រួចក៏ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ រួមនឹងវត្ថុតាង កាំបិតប៉័ងតោដងឈើប្រវែង១៥សង់ទីម៉ែត្រចំនួន១ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ហើយឈ្មោះ ឡាយ ស្រីទូច (ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ) ក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីឱ្យសមត្ថកិច្ចចាត់ការជនសង្ស័យតាមនីតិវិធីច្បាប់ ចំណែកជនរងគ្រោះរងរបួសធ្ងន់ធ្ងរ សមត្ថកិច្ចយើងមិនអាចឱ្យធ្វើការបំភ្លឺបានទេ ។
ពេលធ្វើការសាកសួរជនសង្ស័យខាងលេីបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា រូបគេពិតជាបានធ្វើសកម្មភាពប្រើកាំបិតប៉័ងតោកាប់ជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរប្រាកដមែន ដោយសារតែរូបគេខឹងជនរងគ្រោះ កន្លងមកច្រើនតែនិយាយតិះដៀលរូបគេថថាជាមនុស្សឆ្កួតឡប់ៗ ទើបរូបគេកាប់ជនរងគ្រោះតែម្តង។
បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕
ដោយ ៖ ភារ៉ា ដង្កោ