ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តព្រៃវែង​ ចុះសំណេះសំណាល និងពិនិត្យមើលស្ថានភាពនៅកសិដ្ឋានចិញ្ចឹមបង្កងទឹកសាប និងការចិញ្ចឹមជ្រូក នៅឃុំកំពង់ត្របែក និងឃុំព្រៃឈរ ស្ថិតក្នុងស្រុកកំពង់ត្របែក

ចែករំលែក៖

ខេត្តព្រៃវែង ៖ បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តព្រៃវែង បានបញ្ជាក់ឱ្យដឹងថា, នៅព្រឹកថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងអភិបាលរងខេត្ត បានចុះសំណេះសំណាល និងពិនិត្យមើលស្ថានភាពនៅកសិដ្ឋានចិញ្ចឹមបង្កងទឹកសាប និងការចិញ្ចឹមជ្រូក នៅឃុំកំពង់ត្របែក និងឃុំព្រៃឈរ ស្ថិតក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ក្នុងការចុះពិនិត្យនេះដែរ ក៏មានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋានស្រុកកំពង់ត្របែក កងកម្លាំងទាំងបី មន្ទីរជុំវិញខេត្ត និងមន្រ្តីជំនាញផងដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាល​ខេត្ត​ បានពិនិត្យឃើញការវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមបង្កងពូជថ្មីនៅតំបន់នេះ អាចផ្តល់ជូននូវការធានាសុវត្ថិភាពស្បៀង បង្កើនប្រាក់ចំណូល ជំរុញ និងបង្កើនផលិតកម្មផ្គត់ផ្គង់អោយទីផ្សារ ក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩។

ជាក់ស្តែង យើងពិនិត្យឃើញថា ស្រះចិញ្ចឹមកំពុងដំណើរការចិញ្ចឹមកូនបង្កងបែបធម្មជាតិនៅកន្លែងនេះមាន៖

-ស្រះទី១ ទំហំ ១៦មx១៥ម ដាក់កូនបង្កងចំនួន ៧៥០០កូន រយះពេល៥ខែ។

-ស្រះទី២ មានទំហំ ២២មx១៦ ម ដាក់កូនបង្កងសរុបចំនួន១០៥០០កូន រយៈពេល ៤ខែ។

-ស្រះទី៣ ទំហំ ២៤មx១៦ម ដាក់កូនបង្កង ចំនួន ៥០០០កូន (រកកូនមិនបាន)

-ស្រះទី៤ ទំហំ ៤០មx១៣ម កំពុងរៀបចំស្រះដាក់ចិញ្ចឹម និងអាចដាក់បាន ១៥០០កូន។ បន្ទាប់មក ក៏បានបន្តដំណេីរទៅកសិដ្ឋានចិញ្ចឹមជ្រូកនៅឃុំព្រៃឈរ ក្នុងរបាយការណ៍បានបញ្ជាក់ច្បាស់ពីការចិញ្ចឹម ដោយអនុវត្តតាមបច្ចេកទេសបានត្រឹមត្រូវទាំងការផ្តល់ចំណី ការជ្រើសរើស និងបង្កាត់ពូជ ការថែទាំ ការចាក់ថ្នាំការពារជំងឺឆ្លង និងការធ្វើជីវសុវត្ថិភាព ធានាអោយកសិដ្ឋានមានការរីកចម្រើនជាបន្តបន្ទាប់ផងដែរ។

ទទន្ទឹមនឹងនេះលោក អភិបាល​ខេត្ត​ សូមថ្លែងអំណរគុណដល់លោកប្រធានមន្ទីរកសិកម្ម និងរុក្ខាប្រមាញ់ខេត្ត ដែលបានជួយការងារបច្ចេកទេសបន្ថែម ដើម្បីចូលរួមទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ និងធានាសន្តិសុខស្បៀង និងសេដ្ឋកិច្ចនៅមូលដ្ឋាន ឈានទៅសម្រេចនិរន្តរភាពនៃការផ្គង់ផ្គង និងតម្លៃ។

ជជាទីបញ្ចប់លោក អភិបាល​ខេត្ត​ សូមកោតសរសើរ គាំទ្រ ជំរុញ និងលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋាន និងដៃគូអភិវឌ្ឍន៍វិស័យឯកជន ក៏ដូចជារដ្ឋបាលជលផល ដែលបានសហការ សម្របសម្រួល ដើម្បីអោយដំណើរការវិនិយោគការចិញ្ចឹមបង្កង ក៏ដូចជាការចិញ្ចឹមជ្រូក និងសត្វផ្សេងៗ សម្រេចទទួលបានជោគជ័យ ជាពិសេសអោយត្រូវតាមស្តង់ដារទីផ្សារ គឺនិរន្តរភាពបរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និងតម្លៃ ដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍របស់យើង ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីរប្បកម្មទឹកសាប (ខេត្តព្រៃវែង) ក្នុងឱកាសដែលសម្តេចអញ្ជើញទៅសំណេះសំណាល និងចែកកូនត្រីអណ្តែង និងកូនកង្កែបជូនវារីវប្បករ៕

ដោយ ៖ សិលា


ចែករំលែក៖