ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថកំពង់ឆ្នាំងឃាត់មនុស្ស៣នាក់ពាក់ព័ន្ធ ករណីលួចកាច់កម៉ូតូ និង អ្នកទទួលផលចោរកម្ម

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយពីទទួលបានបណ្តឹងរបស់ប្រជាពលរដ្ឋ ដែលបានបាត់ម៉ូតូនៅក្នុងភូមិសាស្រ្តនៃខេត្តកំពង់ឆ្នាំង ។

  វរសេនីយ៍ត្រីព្រំ ស៊ីណេ ប្រធានមន្ទីរយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាំង មេបញ្ជាការកងរាជអាវុធតហត្ថកំពង់ឆ្នាំង នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធត្ថដឹកនាំដោយ លោកវវសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរង និង លោក អនុសេនីយ៍ត្រី ប៊ុត ធឿន ប្រធានការិយាល័យព្រហ្មទណ្ឌ  បានចុះធ្វើការស្រាវជ្រាវ តាមបណ្ដឹងរបស់ជនរងគ្រោះ និង បានឈានទៅឃាត់ខ្លួនជសង្ស័យចំនួន៣នាក់ ១. ឈ្មោះ សុខ ម៉ាត់ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅសង្កាត់ប្អេរ ២. ឡាំង សុគ្រី ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅសង្កាត់កំពង់ឆ្នាំង ៣.វង្សសិរី ប៉េង ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅឃុំគោកបន្ទាយ ស្រុករលាប្អៀរ ។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានធ្វើការដកហូត ម៉ូតូចំនួន៦គ្រឿង ដែលជនសង្ស័យបានធ្វើសកម្មភាពលួចកាច់កម៉ូតូ យកទៅដាក់នៅឃុំគោកបន្ទាយ ។

  លោក វរសេនីយ៍ត្រីព្រំ ស៊ីណេ បានឱ្យដឹងទៀតថា ជនសង្ស័យទាំងនេះតែងតែបានធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋដែលទុកចោល ពិសេសនៅកន្លែងទីផ្សារ ក្រោយពីធ្វើសកម្មភាពលួចបាន ជនសង្ស័យបានយកទៅលាក់ទុកនៅផ្ទះជនសង្ស័យម្នាក់ដែលជាជាងម៉ូតូ ហើយធ្វើការដោះស្លាកលេខ និង គ្រឿងម៉ូតូ ផ្លាស់ប្តូរគ្នាដើម្បីបំភ័ណ្ឌភ្នែកប្រជាពលរដ្ឋ ហើយដាក់លក់ ។

 លោក វរសេនីយ៍ត្រីព្រំ ស៊ីណេ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានបាត់ម៉ូតូកន្លងមកអាចអញ្ជើញមកមើលម៉ូតូនៅបញ្ជាការដ្ឋានកងរាជាអាវុធហត្ថខេត្តកំពង់ឆ្នាំង ។ ជាមួយបងប្អូនក៏ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិរបស់ខ្លួនផងដែរ ៕

ដោយ ៖ ចន្ថា


ចែករំលែក៖