ព័ត៌មានទាន់ហេតុការណ៍៖

ដោយមានការបាក់ច្រាំងស្ទឹងព្រែកត្នោត​នៅទីតាំងវត្តក្តុល​ សង្កាត់សាក់សំពៅ​ ខណ្ឌដង្កោ​ ក្រុមការងារមុខព្រួញរាជធានី​ របស់ក្រសួងធនធានទឹក បានធ្វេីការពារច្រាំងស្ទឹងបណ្តោះអាសន្ន​ !

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃសុក្រ​​ ១៥កេីត​ ខែកត្ដិក​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស ២៥៦៥​ ត្រូវនឹងថ្ងៃទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ២០២១​ ដោយមានការបាក់ច្រាំងស្ទឹងព្រែកត្នោត​នៅទីតាំងវត្តក្តុល​ សង្កាត់សាក់សំពៅ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ដែលបានប៉ះពាល់ផ្លូវបេតុង​ ខាងក្នុង​ (មិនមែនជាសណ្តរស្ទឹង)​ លោក ម៉ៅ​ ហាក់​ ប្រធានក្រុម​ការងារមុខព្រួញរាជធានី​ សហការណ៍​ជាមួយមន្ទីរធនធានទឹក​ និងឧតុនិយមរាជធានីភ្នំេពញ បានធ្វេីការពារច្រាំងស្ទឹងបណ្តោះអាសន្ន​ ដេីម្បីការពារកុំឲ្យប៉ះពាល់ដល់វត្ត​ ។  

កិច្ចប្រតិបត្តិការណ៍នេះ​ចាប់ផ្តេីម​ពីព្រឹកថ្ងៃទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ២០២១ និងបានបញ្ចប់នៅរំលងអាធ្រាត្រវេលាម៉ោង​ ៣ទាបភ្លឺ​ ឈានចូលថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​នេះ​ ។ សូមបញ្ជាក់​ថា​ ៖ នៅពេលទឹកស្រកវិញ​ មន្ទីរ​ធនធានទឹក​ និងឧតុនិយម​នឹងរៀបចំការពារច្រាំងនេះ​ឲ្យបានរឹងមាំឡេីងវិញ​ ។

ដោយឡែកកាលពីម្សិលមុិញ អាជ្ញាធរខណ្ឌដង្កោ បានចេញសេចក្តីជូនដំណឹង ស្ដីពីការត្រៀមបង្កាទឹកជំនន់ស្ទឹងព្រែកត្នោតជាយថាហេតុ ។ 

អនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌដង្កោ មានកិត្តិយសសូមជម្រាបជូនប្រជាពលរដ្ឋដែលរស់នៅ

ជាប់សណ្តស្ទឹងព្រែកត្នោត ក្នុងនោះមានសង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ សង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឹស និងសង្កាត់គងនយ ឱ្យបានជ្រាបថា បច្ចុប្បន្នស្ថានភាពទឹកស្ទឹងព្រែកត្នោតបានហក់ឡើងជាបន្តបន្ទាប់ បណ្ដាលមកពីជំនន់ផ្នែកខាងលើធ្វើឱ្យទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ មានកម្ពស់ដល់កម្រិតត្រូវប្រុងប្រយ័ត្នខ្ពស់។

ដូច្នេះដើម្បីជៀសវាងនូវហានិភ័យដែលបង្កឱ្យខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិត សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមសណ្តស្ទឹងព្រែកត្នោត មេត្តាត្រៀមសម្ភារៈ និងបន្តតាមដានស្ថានភាពទឹកជាប្រចាំជៀសវាងការបាត់ បង់សម្ភារ និងអាយុជីវិត។

រដ្ឋបាលខណ្ឌដង្កោ សហការជាមួយក្រសួងធនធានទឹក និងឧតុនិយម បន្តតាមដានដោយយកចិត្តទុក ដាក់ខ្ពស់បំផុត នួវស្ថានភាពទឹក ដើម្បីជម្រាបជូនប្រជាពលរដ្ឋឱ្យបានជ្រាបជាបន្តបន្ទាប់៕

ដោយ ៖ សិលា


ចែករំលែក៖