ពិតជារឿងដែលភ្ញាក់ផ្អើល និងមិនគួរឲ្យជឿទេក្រោយពី តារាសម្តែងស្រី អ្នកនាង ប៊ែលឡា ដានីត បានបង្ហោះសារយ៉ាងចម្លែកអមដោយរូបភាពបង្ហូរទឹកភ្នែករហាមជុំវិញការណីនាងត្រូវបានគេពង្រត់យកកូនស្រីបណ្តូលចិត្តចេញពីទ្រូង។ សារនេះបង្កើតឲ្យមានការភ្ញាក់ផ្អើលនិងនឹកឆ្ងល់ថា អ្នកណាអីក៏ដាច់ចិត្ត និងថ្លើមធំដល់ថ្នាក់ពង្រត់កូនស្រីបង្កើតចេញពីម្តាយទាំងភ្នែកស្រស់ៗដូចនេះ?
តារាសម្តែង ប៊ែលឡា ដានីត បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងកម្សត់ថា “តាំងពីថ្ងៃដែលគេពង្រាត់កូនចេញពីទ្រូងម្តាយទៅ គ្មានថ្ងៃណាដែលម្តាយបានគេងលក់ស្រួលទេ គ្មានអ្វីឈឺចាប់ជាងគេពង្រាត់កូនពីម្តាយទេ ម៉ាក់នឹកកូនខ្លាំងណាស់ ហេតុអីយេីងត្រូវបែកគ្នាបែបនេះ ហេតុអីឆក់យកកូនរបស់ខ្ញុំទាំងដែរខ្ញុំនៅមានដង្ហេីមនៅឡេីង”។ សារនេះអមដោយរូបភាពនៃការចូលសម្រាកនៅក្នុងមន្ទីរពេទ្យ រហូតមានការបារម្ភអំពីស្ថានភាពសុខភាពរបស់តារាស្រីរូបនេះថែមទៀតផង។ មានសារលើកទឹកចិត្តជាច្រើនពីសំណាក់ក្រុមសិល្បៈ អ្នកគាំទ្រ និងសាច់ញាតិនាង ដោយស្នើឲ្យនាងធ្វើចិត្តឲ្យបានរឹងមាំ និងតស៊ូ ប្រឹងប្រែងដើម្បីនាំយកកូនស្រីដែលកំពុងពេញស្រលាញ់មកវិញផងដែរ។ អ្វីដែលនៅសល់គឺមានតែរូបថតអនុស្សាវរីយ៍មួយចំនួនជាមួយកូនស្រីនាងពេលកន្លងមក និងបានត្រឹមការបង្ហោះសារសម្រក់ទឹកភ្នែកនឹករលឹកូនស្រីបណ្តូលចិត្ត។ នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាស្រីរូបនេះបាននៅឡើយទេ ទោះជាយ៉ាងណាតាមរយៈអ្នកជិតដិតដែលដឹងរឿងខ្លះបានទម្លាយថា នេះមិនមែនជាសារលេងសើច ឬសម្តែងនោះឡើយគឺជារឿងពិតដែលនាងបានបែកពីកូនស្រីអស់រយៈពេលជាយូរក្រោយពីមានសាច់ញាតិបានពង្រត់ពង្រាត់នាងចេញពីកូនស្រីជាទីស្រលាញ់លែងឲ្យឃើញមុខ ។ ប្រភពថា កន្លងទៅនាងធ្លាប់ផ្ញើកូនស្រីបណ្តូលចិត្តឲ្យសាច់ញាតិមើលថែ ហើយក្រោយមកគេបានពង្រត់មិនឲ្យនាងជួបកូនស្រីបន្ត ដែលបញ្ហាលម្អិតនៃរឿងនេះគឺមានតែសាមីខ្លួនប៉ុណ្ណោះដែលបានដឹងច្បាស់ ប៉ុន្តែក្មេងស្រីនោះពិតជាកូនបង្កើតរបស់នាងពិតមែន ហើយពេលនេះនាងកំពុងជួបបញ្ហាក្នុងជីវិតយ៉ាងខ្លាំង និងតែងតែងបានឃើញនាងបង្ហូរទឹកភ្នែកជាញឹកញាប់ និងស្នើឲ្យអ្នកដែលបានពង្រត់យកកូននាងចេញពីទ្រូងម្តាយបង្កើតយកកូនត្រឡប់មកឲ្យនាងវិញ។
គេនៅមិនទាន់ដឹងនៅឡើយទេថាតើតារាសម្តែងស្រីរូបនេះបានស្វែងករការអន្តរាគមន៍អ្វីខ្លះពីផ្នែកច្បាប់នៅឡើយនោះទេ ហើយអ្នកដែលពង្រត់យកកូនស្រីរបស់នាងទាំងស្រស់ៗនោះក៏មិនដឹងថាមានឋានៈប៉ុណ្ណោះនោះដែរ៕
ដោយ ៖ វឌ្ឍនា