ព័ត៌មានទាន់ហេតុការណ៍៖

ទីអវកាសគឺជាភូមិសាស្ត្រសង្គ្រាមថ្មី របស់ប្រទេសមហាអំណាចលើពិភពលោក

ចែករំលែក៖

ទីអវកាសកំពុងក្លាយទៅជាទីតាំងប្រកួតប្រជែងយ៉ាងស្វិតស្វាញរវាងប្រទេសមហាអំណាចនៅលើពិភពលោក។ កាលពីពេលថ្មីៗនេះរុស្ស៊ីបានសាកល្បងមីស៊ីលដែលអាចបាញ់កម្ទេចផ្តាយរណបបាន ធ្វើឱ្យអាមេរិក និងអឺរ៉ុបព្រួយបារម្ភយ៉ាងខ្លាំងដោយបានព្រមានដល់ប្រទេសរុស្ស៊ីទៀតផង។
បារាំងនិងអាល្លឺម៉ង់បានប្រតិកម្មនៅនឹងការសាកល្បងថ្មីបំផុតរបស់រុស្ស៊ី ដោយប្រទេសទាំងពីរចាត់ទុកថា ទីអវកាសគឺជា ផលប្រយោជន៍រួមសម្រាប់មនុស្សជាតិជាង៧,៧ពាន់លាននាក់ មិនសម្រាប់តែប្រទេសមហាអំណាចនោះឡើយ។ តាមការលើកឡើងរបស់ប្រទេសទាំងពីរ ការបំផ្លាញ ផ្កាយរណប អាចនឹងបង្កឱ្យមានបំណែកជាច្រើនបង្កគ្រោះថ្នាក់ដល់សិទ្ធិប្រើប្រាស់ទីអវកាសដោយសេរី ដោយមិនមានការរារាំងពីប្រទេសណាមួយនោះឡើយ។ ជាមួយគ្នានេះដែរ អង្គការណាតូបានប្រឆាំងយ៉ាងខ្លាំងដល់សកម្មភាពរបស់រុស្ស៊ី។
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានបញ្ជាក់ថា «យើងទទួលបានព័ត៌មានពីអាមេរិកស្តីពីការសាកល្បងមីស៊ីលសម្រាប់កម្ទេចផ្កាយរណបនៅទីអវកាសរបស់រុស្ស៊ី។ ទាំងនោះជាសកម្មភាពគ្រោះថ្នាក់មួយ»។
ការសាកល្បងបាញ់កម្ទេចផ្កាយរណបចាស់របស់រុស្ស៊ីបានបង្កឱ្យមានបំណែកដល់ទៅ ១៥០០បំណែកធំៗ និងរាប់ពាន់បំណែកតូចៗរសាត់អណ្តែតនៅលើលំហអាកាសធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ផ្កាយរណបផ្សេងទៀត៕ដោយ៖ធីរីណា

រូបថត៖ ABC news


ចែករំលែក៖