ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូប្រើប្រាស់ល្បឿនលឿនទៅបុកកង់ពីក្រោយស្លាប់ក្មេងស្រីម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្មេងស្រីម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដោយសារតែអ្នកបើកម៉ូតូប្រើប្រាស់​ល្បឿន​លឿន​ខ្វះ​ការ​ប្រុងប្រយ័ត្ន​បានជ្រុលទៅបុកកង់ពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃ​ទី​១៩ខែ​វិច្ឆិកា​ ឆ្នាំ​២០២១ នៅលើ​ផ្លូវ​លំ​ក្នុងភូមិ​ធំ​ ឃុំត្នោត ស្រុក​កំពង់​រោទ៍ ខេត្ត​ស្វាយរៀង​។

សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាក្មេងស្រីដែលស្លាប់មានឈ្មោះសេង ដាវី​ អាយុ​១២​ឆ្នាំ មុខរបរសិស្ស មាន​ទី​លំនៅ​ភូមិធំ​ ឃុំត្នោត​ ស្រុក​កំពង់​រោទ៍ ខេត្ត ស្វាយរៀង។

ចំណែកអ្នកបើកម៉ូតូបង្កហេតុមានឈ្មោះនួន រ៉ាត់​ អាយុ២៣ឆ្នាំ  មុខ​របរកម្មករ មាន​ទីលំនៅ​ភូមិ​ធ្លក​ ឃុំច្រេស ស្រុកចន្ទ្រា​ ខេត្ត​ស្វាយរៀង ជិះម៉ូតូម៉ាកHonda Satu Hati ពណ៌ក្រហម​លាយខ្មៅ​ គ្មានស្លាក​លេខ រងការខូចខាតយ៉ាងដំណំ។

តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុក្មេងស្រីរងគ្រោះបានជិះកង់មួយគ្រឿងលើ​ផ្លូវ​លំ​តែម្នាក់ឯង ខណ:នោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកHonda Satu Hati ពណ៌ក្រហម​លាយខ្មៅ​ គ្មានស្លាក​លេខបើកក្នុងទិសដៅស្របគ្នាដោយប្រើប្រាស់​ល្បឿន​លឿន​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ក៏ទៅបុកពីក្រោយកង់ក្មេងស្រីយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់តែម្តង។

ក្រោយមកក្មេងស្រីរងគ្រោះត្រូវបាន​បងប្អូន​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ជីភូ ប៉ុន្តែដោយរបួសធ្ងន់ពេកក៏បាន​បាត់បង់ជីវិតទៅ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដោយសារតែ​អ្នក​បើកបរ​ម៉ូតូប្រើប្រាស់​ល្បឿន​លឿន​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ទើបមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។

ចំណែកវត្ថុ​តាង​ទាំងពីរ​គ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយក​ទៅរក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលត្នោត​។  រីឯសពក្មេងស្រីបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ដោយ៖យឹម សុថាន


ចែករំលែក៖