ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ទៅយកចំបើងឱ្យគោស៊ីតែសំណាងអាក្រក់ដើររអិលជើងធ្លាក់ចូលក្នុងប្រឡាយលង់ទឹកស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យុវជនម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញលង់ទឹកស្លាប់នៅក្នុងប្រឡាយ បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកពិនិត្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង២៥នាទីល្ងាចថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២១ ស្ថិតក្នុងភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាយុវជនខាងលើមានឈ្មោះគង់ សារុន អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិឃុំកើតហេតុខាងលើ។

តាមអ្នកភូមិបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុគេឃើញយុវជនរងគ្រោះបានដើរតែម្នាក់ឯងក្នុងគោលបំណងទៅយកចំបើងឱ្យគោស៊ីដូចសព្វដង ប៉ុន្តែក្រោយមកស្រាប់តែមានការភ្ញាក់ផ្អើលថា

យុវជនរូបនេះរអិលជើងធ្លាក់ចូលប្រឡាយហើយដោយសារតែគេមិនចេះហែលទឹកក៏លង់ស្លាប់តែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលព្រមទាំងគ្រូពេទ្យបានមកពិនិត្យសព ហើយបានសន្និដ្ឋានថា យុវជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រឡាយមែន ខណ:មិនមានស្លាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ។

សពយុវជនរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចប្រគល់ឱ្យឪពុកម្ដាយយកទៅធ្វើបុណ្យទាំងក្ដុកក្ដួលនិងសោកសង្រេងបំផុត៕

ដោយ៖យឹម សុថាន


ចែករំលែក៖