តំបន់សមុទ្រ Maya ដ៏ល្បីល្បាញរបស់ថៃ នឹងបើកទ្វារទទួលអ្នកទេសចរចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០២២តទៅ ក្រោយរយៈពេល ៣ឆ្នាំបិទទ្វារ ។
តំបន់សមុទ្រនោះធ្លាប់ជាទីតាំងថតខ្សែភាពយន្តដ៏ល្បីល្បាញ«The Beach» នៅក្នុងឆ្នាំ២០០០ ដែលមានតួអង្គលោក Leonardo DiCaprio តួឯកក្នុងរឿង Titanic ។ មកដល់ឆ្នាំ២០១៨ តំបន់សមុទ្រកោះមួយនេះត្រូវបានបិទទ្វារដោយសារតែអ្នកទេសចរប្រព្រឹត្តពាសវាលពាសកាលធ្វើឱ្យផ្កាថ្មនៅទីនេះត្រូវបានបំផ្លាញ។ តាមតួលេខមុនពេលបិទទ្វារនៅឆ្នាំ២០១៨ តំបន់នេះទទួលអ្នកទេសចរបរទេសប្រមាណ៥ពាន់នាក់ក្នុងមួយថ្ងៃៗ។
មន្ត្រីគ្រប់គ្រងរមណីយដ្ឋានជាតិរបស់ថៃបានឱ្យដឹងថា រដ្ឋាភិបាលប្រទេសនេះនឹងអនុញ្ញាតឱ្យបើកតំបន់សមុទ្រ Maya ឡើងវិញ ប៉ុន្តែមានច្បាប់តានតឹងជាងមុន ដើម្បីការពារធនធានធម្មជាតិនៅទីនោះ។
គោលដៅនៃការបើកតំបន់ទេសចរណ៍ឡើងវិញនេះគឺដើម្បីពង្រឹងវិស័យសេដ្ឋកិច្ចនៅក្នុងប្រទេសនេះក្រោយរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារកូវីដ-១៩។
ក្រសួងសុខាភិបាលថៃនៅថ្ងៃសៅរ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៦,៥៩៥ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន៥៣នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៨,៤៧៨នាក់ផ្សេងទៀតត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
មកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២,០៥៧,៥៧៥ករណី ក្នុងនោះមានអ្នកស្លាប់ ២០,៣៥៦នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៩៤៩,៣៣២នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៨៧.៦៣លានដូស ក្នុងនោះប្រជាជន ៣៨.៣៩លាននាក់ (៥៤.៨៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ដោយ៖ធីរីណា
រូបថត៖Vietnamnet.vn