ព័ត៌មានទាន់ហេតុការណ៍៖

ពលករខ្មែរម្នាក់ចំណាយប្រាក់ឱ្យមេខ្យល់ពី៧០០០ទៅ៨០០០បាតសម្រាប់ឆ្លងដែនខុសច្បាប់ ត្រូវយោធាថៃឃាត់ខ្លួន

ចែករំលែក៖

ប្រទេសថៃ៖ តាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចតាមបន្ទាត់ព្រំដែនបានឱ្យដឹងថា កាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងទាហានប្រាណទី១២ ប្រចាំស្រុកតាព្រះយ៉ា កងកម្លាំងបូផា បានចុះល្បាតនិងត្រួតពិនិត្យក្នុងតំបន់ដែលខ្លួនទទួលខុសត្រូវ បានប្រទះឃើញក្រុមបុគ្គលគួរឱ្យសង្ស័យដើរមកតាមច្រករបៀង សំដៅមកប្រទេសថៃត្រង់បរិវេណបង្គោលគីឡូម៉ែត្រលេខ២៧-២៨ ភូមិទ័ពសៀម ឃុំ/ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ចំនួន៥៧នាក់ ក្នុងនោះមានប្រុស៣០នាក់ ស្រី២០នាក់ និងក្មេង៧នាក់។ ក្រោយពីសមត្ថកិច្ចថៃអនុវត្តតាមវិធានសុខាភិបាល ពួកគេមិនមានឯកសារធ្វើដំណើរនោះឡើយ។

  សូមជម្រាបថា នៅពេលសមត្ថកិច្ចថៃសួរនាំជំហានដំបូងបានឱ្យដឹងថា ពលរដ្ឋខ្មែរខាងលើធ្វើដំណើរមកពីខេត្តបាត់ដំបង៦នាក់,បន្ទាយមានជ័យ៣០នាក់, ខេត្តឧត្តរមានជ័យ១០នាក់, សៀមរាប២នាក់ និងខេត្តកំពង់ធំ៩នាក់ ដោយពួកគេចង់ធ្វើដំណើរទៅធ្វើការខាងសំណង់នៅទីក្រុងបាងកក, ឈុនបុរី , ខេត្តចះឆឺងសៅ, សមុទ្រប្រាកាន, ខេត្តនន់ បុរី និងខេត្តប៉ះធំថានី ។តាមការសាកសួររបស់សមត្ថកិច្ចថៃ សម្រាប់ពលករខ្មែរខាងលើ ពួកគេបានឆ្លើយថាបានចំណាយប្រាក់ធ្វើដំណើរទៅខេត្តផ្សេងៗរបស់ថៃ ក្នុងម្នាក់ៗចាប់ពី៧,០០០ដល់៨,០០០បាត ដោយចំណាយឱ្យមេខ្យល់មុន១,០០០បាតក្នុងម្នាក់ នៅពេលទៅដល់គោលដៅទើបឱ្យគ្រប់ចំនួន។ ក្រោយសួរនាំរួច សមត្ថកិច្ចថៃបាននាំខ្លួនពលករខ្មែរទាំង៥៧នាក់ មកសួរនាំបន្ថែមនៅទីបញ្ជារការកងអនុសេនាធំទី1203 និងបញ្ជូនទៅឱ្យជំនាញ ដើម្បីចាត់ការតាមច្បាប់បន្ត៕

ដោយ ៖ វណ្ណា


ចែករំលែក៖