ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលពងទឹក នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) កាលពីវេលាម៉ោង១៨និង២០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចខាងមុខបុរីពិភពថ្មី ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចជំនាញព្រហ្មទណ្ឌខណ្ឌដង្កោ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ FENG LIANG ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបានមានឈ្មោះ យ៉ាន សែនជ័យ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិត្រពាំងអញ្ចាញ៥ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ក្នុងនោះសមត្ថកិច្ចក៏ចាប់យកវត្ថុតាង៖ ទូរស័ព្ទដៃម៉ាក IPHONE 13 ពណ៌ប្រផេះចំនួន០១គ្រឿង ។
សមត្ថកិច្ចជំនាញបានបញ្ចាក់ថា ៖ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨និង២០នាទី ជនរងគ្រោះឈ្មោះ FENG LIANG ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន បានហៅឡំប្រឺតាជិះចេញពីផ្ទះ ស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីទៅលេងផ្ទះមិត្តភក្តិ ស្ថិតនៅបុរីពិភពថ្មី ស្ថិតនៅភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលជនរងគ្រោះធ្វើដំណើរពីជើងទៅត្បូង តាមផ្លូវជាតិលេខ៣ ដល់ខាងមុខបុរីពិភពថ្មី ស្ថិតនៅភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ជនរងគ្រោះបានចុះពីលើឡំប្រឺតាដើរបានចម្ងាយ០៥ម៉ែត្រ ស្រាប់តែជនសង្ស័យចំនួន០២នាក់ ទី០១ឈ្មោះ យ៉ាន សែនជ័យ ភេទប្រុស អាយុ១៩ឆ្នាំ ទី០២ឈ្មោះ រ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ មិនស្គាល់ស្លាកលេខ មកអែបខាងឆ្វេងដៃជនរងគ្រោះ រួចជនសង្ស័យឈ្មោះ យ៉ាន សែនជ័យ ដែលអង្គុយខាងក្រោយបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាក Iphone 13 របស់ជនរងគ្រោះ ដែលកាន់នៅនឹងដៃខាងឆ្វេង តែជនរងគ្រោះឆក់យកមកវិញ និងចាប់ទាញជនសង្ស័យឈ្មោះ យ៉ាន សែនជ័យ ធ្លាក់ពីលើម៉ូតូ រួចក៏មានសមត្ថកិច្ចយើងដែលជិះម៉ូតូល្បាតក្បែរនោះស្រាប់បានជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យឈ្មោះ យ៉ាន សែនជ័យ រួមនិងវត្ថុតាង ទូរស័ព្ទដៃម៉ាក Iphone 13 ចំនួន០១គ្រឿង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ពងទឹក តាមនីតិវិធីច្បាប់ ។ ចំណែកជនសង្ស័យឈ្មោះ រ៉ា បានបើកម៉ូតូគេចខ្លួនបាត់ ហើយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ និងបក្ខពួក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក ដើម្បីឱ្យសមត្ថកិច្ចចាត់ការលើជនសង្ស័យតាមផ្លូវច្បាប់តែម្តង ។
ក្រោយពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយ និងមានការសម្របសម្រួលពីលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចចាត់ការជនសង្ស័យតាមផ្លូវច្បាប់តែម្តង ។ ហើយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ដដែលជនរងគ្រោះបានធ្វើពាក្យស្នើសុំទូរស័ព្ទដៃម៉ាក IPHONE 13 ពណ៌ប្រផេះចំនួន០១គ្រឿង យកទៅប្រើប្រាស់ រួចសមត្ថកិច្ចយើង ក៏បានប្រគល់ទូរស័ព្ទដៃម៉ាកខាងលើ ឱ្យជនរងគ្រោះយកទៅប្រើប្រាស់វិញ ដោយមានការឯកភាពពីលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ បន្ទាប់មកសមត្ថកិច្ចយើងបានឱ្យឈ្មោះ ផន រដ្ឋា ភេទប្រុស ជាគ្រូពេទ្យជំនាញ របស់គ្រឹះស្ថានសុខាភិបាល RRT OD Dang Kor PP មកធ្វើតេស្តស្វែងរកជំងឺកូវីដ-១៩ លទ្ធផល ជនសង្ស័យឈ្មោះ យ៉ាន សែនជ័យ មានវិជ្ជមានជំងឺកូវីដ-១៩ ដូចនេះសមត្ថកិច្ចបានឱ្យគ្រូពេទ្យខាងលើ យកទៅព្យាបាលនៅពហុកីឡដ្ឋានជាតិអូឡាំពិក ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយមានការឯកភាពីលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ៕
ដោយ ៖ ភារ៉ា ដង្កោ