ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ហ៊ុន ម៉ាណា អញ្ជើញប្រគល់ផ្ទះទេវតាចំនួន ០២ខ្នងជូនទុរគតជន ជនចាស់ជរាគ្មានទីពឹង និងប្រគេនទេយ្យវត្ថុដល់វត្តចំនួន៤ក្នុងខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវ ៖ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា បានដឹកនាំក្រុមការងារ អញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន០២ខ្នងជាបន្តទៀត ជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹង នៅខេត្តតាកែវ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។  

នៅក្នុងពិធីប្រគល់ផ្ទះទេវតានេះដែរ លោកស្រី ហ៊ុន ម៉ាណា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចទាំងពីរតែងគិតគូរអំពីសុខទុក្ខដល់ពុកម៉ែ បងប្អូនគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

១- ផ្ទះទំហំ​ ៨​ គុណ​ ១១ម៉ែត្រ​ សង់ជូនគ្រួសារប្អូនស្រី ស៊ាន ស្រីនិច ជាជនពិការជើង រស់នៅភូមិក្រាំងឈើនាង ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ។ ប្អូនស្រីមានជំងឺហើមជើងពីកំណើត(ជើងដំរី) រស់នៅជាមួយសមាជិកគ្រួសារ៦នាក់ ក្នុងជីវភាពក្រីក្រលំបាក។ ផ្ទះនេះជាអំណោយកេរ្តិ៍មរកតរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។ 

២- ផ្ទះទំហំ​ ៦​ គុណ​ ៧ម៉ែត្រ​ សង់ជូនគ្រួសារលោក​ យាយ ប្រាក់ សារឿន​ អាយុ​៦២ឆ្នាំរស់នៅ​ភូមិ​កន្សោមអក​ ឃុំ​ព្រៃខ្លា​ ស្រុក​កោះ​អណ្ដែត​ ខេត្ត​តាកែវ។ ជាអំណោយកេរ្ត៍មរតក របស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។ 

បន្ថែមលើអំណោយផ្ទះខាងលើ ពួកគាត់ក៏បានទទួលអំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមទៀតរួមមាន សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគ ជាច្រើនមុខ និងថវិកាមួយចំនួនទៀតផងដែរ។ ជាមួយកម្មវិធីសប្បាយរីករាយយ៉ាងក្រៃលែង​នេះដែរ លោកជំទាវ ហ៊ុន ម៉ាណា និងក្រុមការងារ ក៏បានចែកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់លោកយាយ លោកតា និងក្មួយៗសិស្សានុសិស្សដែលបានចូលរួមអបអរសាទរពិធីប្រគល់ផ្ទះទេវតានេះដែរ អំណោយរួមមាន៖ សម្ភារសិក្សា, នំកញ្ចប់, សំលៀកបំពាក់, ជែលលាងដៃ, សាប៊ូលាងដៃ និងថវិកាមួយចំនួន។ 

បន្ទាប់មក នៅព្រឹកថ្ងៃដដែលនេះផងដែរ លោកស្រី ក៏បាននាំយកទេយ្យវត្ថុរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មួយចំនួនធំមានជាស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខយកទៅប្រគេនតាមបណ្តាវត្តចំនួន០៤ក្នុងស្រុកទ្រាំង និងស្រុកកោះអណ្តែតនៃខេត្តតាកែវ។ ពីធីនេះត្រូវប្រារព្ធរួមគ្នានៅបរិវេណវត្តកសាងបវរ​ ហៅវត្ត​ដូនភេី ក្នុងឃុំខ្វាវ ខេត្តតាកែវ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពី លោក អ៊ូច ភា អភិបាលខេត្តតាកែវផងដែរ។ នាឱកាសនោះ លោកស្រី និងក្រុមការងារ បានអញ្ចើញប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃចំនួន៤វត្តទៅតាមទំនៀមទម្លាប់ប្រពៃណី។  លោកស្រី ក៏បាន សំណេះសំណាល និងពាំនាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី ហ៊ុនសែន ប្រគេនជូន ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនប្រជាពលរដ្ឋទាំងអស់។ លោកស្រី បានមានប្រសាសន៍ថា  ជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរអំពីទុក្ខលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា ហើយការនាំយកទេយ្យវត្ថុមកប្រគេនជូននៅពេលនេះ អាចជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ។ 

វត្តអារាមដែលទទួលបានទេយវត្ថុនាពេលនេះរួមមាន៖

១-វត្ត​ ជួស​ ឃុំជីខ្មា​ 

២-វត្ត​ ថ្មផុស​ ឃុំជីខ្មា

៣-វត្ត​ កសាងបវ​ ហៅវត្ត​ ដូនភេី​  ឃុំខ្វាវ

៤-វត្ត​ ឫស្សីស្រុក​ ឃុំអង្គកែវ

ចំពោះទេយ្យវត្ថុដែលប្រគេនក្នុង១វត្តៗរួមមាន៖

០១-អង្ករ១តោន 

០២-ត្រីខ ចំនួន១កេស មាន១០យួរ

០៣-មីចំនួន៥កេសធំ 

០៤-ភេសជ្ជៈខារ៉ាបាវ ចំនួន៣កេស

០៥-ត្រីងៀតចំនួន ១០ គីឡូក្រាម

០៦-សាច់ក្រកចំនួន១០ គីឡូក្រាម

០៧- សាច់ជ្រូកផាត់ ចំនួន១០ គីឡូក្រាម

០៨-ទឹកដោះគោខាប់ ចំនួន២កេស 

០៩-កាហ្វេ ចំនួន ៥កញ្ចប់ធំ 

១០-តែ ចំនួន ២គីឡូក្រាម

១១-ស្ករសចំនួន១បេ 

១២-អំបិលចំនួន១បេ

១៣-ប៊ីចេងចំនួន១បេ 

១៤- ទឹកត្រីចំនួន៥យួ 

១៥- ទឹកស៊ីអ៊ីវចំនួន៥យួរ 

១៦- សាប៊ូដុំ ចំនួន ៣០ ដុំតូច

១៧- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត

១៨- វីតាមីនសេ ចំនួន ១០ ប្រអប់ 

១៩- ប្រេងកូឡា ចំនួន ៥ ដុំ 

២០- ប្រេងខ្យល់ ចំនួន៥ដុំ 

២១- ម៉ាស ចំនួន២០ ប្រអប់ ស្មើនឹង១០០០ម៉ាស 

២២- អាល់កុលសម្លាប់មេរោគ ចំនួន៤កាន 

២៣- ដបសំរាប់ដាក់អាល់កុល ចំនួន១០ ដប

២៤- ស្លាដក់ចំនួន៤៩

២៥- ថវិកា ចំនួន២លានរៀល៕

ដោយ ៖ សិលា


ចែករំលែក៖